នៅពេលថ្មីៗនេះ តារាចម្រៀងស្រីនៅប្រទេសម៉ិកសិកូមានវ័យ ២១ ឆ្នាំម្នាក់ ត្រូវបានប្ដីវ័យចំណាស់បាញ់សម្លាប់នៅកណ្ដាលភោជនីយដ្ឋានមួយកន្លែង ព្រោះភ្លើប្រចណ្ឌខ្លាំង។ តាមប្រភពបានបញ្ជាក់ថា ប្ដីវ័យចំណាស់របស់នាងផ្ទុះភ្លើងកំហឹងនៅក្នុងចិត្ត បន្ទាប់ពីនាងបានព្យាយាមលែងលះពីលោកអស់រយៈពេលជាច្រើនខែ។

ប្រភពដដែលបានបន្ថែមឱ្យដឹងថា តារាចម្រៀងស្រីនៅប្រទេសម៉ិកសិកូរូបនេះមានឈ្មោះថា Yrma Lydya ហើយប្ដីរបស់នាងឈ្មោះ Jesus Hernandez អ្នកទាំងពីររស់នៅជាមួយគ្នាក្នុងបន្ទប់ឯកជនមួយនៅភោជនីយដ្ឋានជប៉ុន ក្នុងទីក្រុង ម៉ិកស៊ិក ។

នៅពេលដែលតារាចម្រៀង Lydya កំពុងអង្គុយញ៉ាំអាហារក្នុងភោជនីយដ្ឋាន នៅតំបន់ Benito Juarez ភ្លាមៗនេះ ស្រាប់តែប្ដីចាស់របស់នាងទាញកំភ្លើងមកបាញ់សម្លាប់នៅនឹងកន្លែងតែម្ដង។ ប៉ូលីសតំបន់បានបញ្ជាក់ថា ប្ដីរបស់តារាចម្រៀងស្រីរូបនេះបានបាញ់ ៣គ្រាប់ចំកណ្ដាលដើមទ្រូងនាង រហូតធ្វើឱ្យនាងដាច់ខ្យល់ស្លាប់។

ប៉ុន្តែបើតាមការអះអាងរបស់ប្រធានសន្តិសុខនៅក្នុងហាង បានឱ្យដឹងថា ក្នុងហេតុការណ៍នោះ មានបុរសពីរនាក់ដែលបានមកគំរាមកំហែងតារាចម្រៀងស្រីរូបនេះ និងបានឈ្លោះប្រកែកគ្នាថែមទៀតផង។ ប៉ូលីសបានបញ្ជូនខ្លួន Jesus Hernandez ទៅកន្លែងឃុំខ្លួនបណ្ដោះអាសន្ន និងត្រៀមទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

Share.