ភ្នំពេញ ៖ ផ្ទះអ្នកលក់ដូរតាមអនឡាញមួយកន្លែង ខណៈដែលម្ចាស់កំពុងដេកលង់លក់ ស្រាប់តែទុស្សេខ្សែភ្លើងឆាបឆេះសម្ភារៈ ផ្អើលអ្នកជិតខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅផ្ទះល្វែងលេខ៦២៣ ផ្លូវបេតុងលេខ៣ ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះមានឈ្មោះ ហ៊ ផានិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ និងដឹកផលិតផលអនឡាញ រស់នៅផ្ទះកើតហេតុ ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ គ្រាដែលម្ចាស់ផ្ទះ ទាំង៣នាក់ ប្តីប្រពន្ធនិងកូនតូច កំពុងដេកលង់លក់ នៅបន្ទប់ឡៅតឿ ស្រាប់តែទុស្សេខ្សែភ្លើងក្នុងបន្ទប់ជាប់គ្នានោះ ដែលជាបន្ទប់មានការរៀបចំធ្វើជាស្ទូឌីយោ សម្រាប់ថតឡាយវីដេអូ ក្នុងការលក់ដូរ ឆេះរាលដល់សម្ភារៈ កុំព្យូទ័រ ស្ពីកឃ័រ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ទោះជាដងទឹកជះ នៅតែមិនរលត់ ផ្អើលអ្នកជិតខាង អាជ្ញាធរ សមត្ថកិច្ច ដឹកនាំដោយលោកអភិបាលរងខណ្ឌ ចុះទៅជួយអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បាញ់ទឹកឲ្យភ្លើងរលត់ទៅវិញ ។

ហេតុការណ៍ខាងលើ មិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាតសម្ភារៈក្នុងបន្ទប់អស់មួយចំនួនតែប៉ុណ្ណោះ ៕

Share.