នៅថ្ងៃវិលមកកម្ពុជាវិញ បវរកញ្ញាភេទទី ៣ គឺនាង សៃ ហ្វុន បានទទួលការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់ហ្វេន ដែលរង់ចាំទទួលនៅមាត់ច្រកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ កញ្ញាបានពិតជារំភើប និងមោទកភាពចំពោះសមត្ថភាពខ្លួនឯង ដែលអាចដណ្ដើមបានពានរង្វាន់មួយក្នុងដៃ និងអាចបោះជើងឈានចូលដល់ Top 11 បានយ៉ាងជឿជាក់។

បវរកញ្ញាភេទទី៣ សៃ ហ្វុន បានរៀបរាប់ថា ពានរង្វាន់ដែលនាងទទួលបានយកមកកាន់នៅក្នុងដៃនៅថ្ងៃនេះ មិនមែនជារបស់ខ្លួនផ្ដាច់មុខនោះទេ ប៉ុន្តែជារបស់មហាជន និងអ្នកគាំទ្រកម្ពុជាទាំងអស់ ព្រោះដោយសារការគាំទ្រដ៏លើសលប់មកលើរូបកញ្ញា ទើបកញ្ញាអាចដណ្ដើមបានពានរង្វាន់ Miss Photogenic និងបានជាប់ Top 11 ក្នុងការប្រកួត Miss International Queen Pageant 2022 នៅឯប្រទេសថៃ។ កញ្ញាបានបន្តថា ភាគីកម្ពុជាយើងទើបតែចូលរួមប្រកួតក្នុងកម្មវិធីនេះបាន ២ឆ្នាំទេ ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដនៃការប្រកួតបវរកញ្ញាភេទទី៣ដែលធំបំផុតលើពិភពលោកតែម្ដង ដែលយើងអាចធ្វើបានកម្រិតនេះ។

សៃ ហ្វុន បានបញ្ជាក់ថា ភាពជោគជ័យរបស់នាងនៅលើឆាកប្រកួត Miss International Queen Pageant 2022 ពិតជាបាននាំមកនូវការផ្លាស់ប្ដូរផ្នត់គំនិតរើសអើងចំពោះបវរកញ្ញាភេទី៣នៅកម្ពុជាបានមួយផ្នែកថែមទៀត។ កញ្ញាបន្តថា ភាពជោគជ័យដែលកញ្ញាបានបង្ហាញ​គឺជាសញ្ញាឱ្យឃើញពីសមត្ថភាព និងភាពក្លាហានដែលក្រុម LGBTQ អាចធ្វើបានដូចជាបុរស ឬស្ត្រីផងដែរ មិនមែនដូចការលើកឡើងដែលថា ឱ្យតែភេទទី៣ គឺមិនអាចធ្វើអ្វីបានឱ្យមានប្រយោជន៍ដល់សង្គមជាតិនោះទេ៕

Share.