គិតត្រឹមឆ្នាំ២០០៧មក នេះគឺជាឆ្នាំទី១៧ហើយនៃការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ។ ឆ្លងកាត់ការប្រកួតប៉ុន្មានឆ្នាំកន្លងមក អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី ជាអ្នកទទួលបានស្បែកជើងមាសច្រើនជាងគេ ពោលគឺ៤ដង។

អតីតកីឡាករដែលបច្ចុប្បន្នជាមន្ត្រីបច្ចេកទេសប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងពានសម្ដេចតេជោនៅព្រះខ័នរាជស្វាយរៀង ចំនួន២ដង គឺឆ្នាំ២០១១ និង២០១២។ ក្រោយមក អំឡុងការរួមរស់ជាមួយបឹងកេត កីឡាករមានប្រភពពីខេត្តកំពង់ចាម ដណ្ដើមបានស្បែកជើងមាស២ដងទៀត គឺឆ្នាំ២០១៤ និង២០១៧។

ដោយឡែក កីឡាករម្នាក់ទៀតដែលធ្លាប់បានស្បែកជើងមាសលើសពី១ដង គឺ គួច សុកុម្ភៈ ដែលរកបានក្នុងឆ្នាំ២០០៩ និង២០១០ ពេលលេងនៅខេមរាកីឡា។

អតីតកីឡាករ និងកីឡាករផ្សេងៗទៀតដែលបានឈ្នះស្បែកជើងមាស១លើកៗដូចគ្នា មានលោក ហុក សុជីវ័ន, សុក ច័ន្ទរស្មី, ស្រី វាសនា, ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, សួង វីរៈ, នួន បូរី, វ៉ា សុខថន, វុធ តុលា និង កែវ សុខផេង៕

Share.