ក្រុងព្រះសីហនុ៖ មានករណីកាប់ប្លន់រថយន្តTaxi តែមិនបានសម្រេច និង បណ្តាលឲ្យតៃកុងរថយន្តរងបួសឈាមស្រោចពេញប្រាណ ខណៈសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ និង ២នាក់ទៀតកំពុងភៀសខ្លួន និងយកទូរស័ព្ទដៃជនរងគ្រោះចំនួន០២គ្រឿងទៅតាមខ្លួនផងដែរ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០កន្លះយប់ថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០២២ ស្ថិតនៅក្បែរតារាងបាល់ជេក ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ប្រភពពីជនរងគ្រោះដែលជាម្ចាស់រថយន្ត ឈ្មោះ ឆៀ សុភ័ណ្ឌ ភេទប្រុស អាយុ៤២ ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មុខរបររត់តាក់សុី បានប្រាប់អ្នកយកព័ត៌មានថា៖ នៅមុនពេលកើតហេតុមានភ្លៀវដែលជាជនសង្ស័យចំនួន០៣នាក់ ភេទប្រុស ជាជនជាតិខ្មែរ បានម៉ៅរថយន្តគាត់ ពីផ្សារថ្មីរាជធានីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ក្នុងតម្លៃ៧០ដុល្លា ក៏ឯកភាពព្រងព្រៀងគ្នាឡើងរថយន្ត ។ លុះមកដល់ក្រុងព្រះសីហនុ ភ្លៀវដែលជាជនសង្ស័យទាំងបីនាក់ខាងលើនិង ក៏បានឲ្យម្ចាស់តាក់សុីឈប់សិន ដោយប្រាប់ថាឈប់មួយភ្លេតខ្ញុំចាំគ្នាមកយក ខណៈពេលដែលកន្លែងឈប់នោះផ្លូវរៀងតូចនិងយប់ស្ងាត់ផង ពួកគេទាំងបីនាក់ក៏បានធ្វើសកម្មភាពចាប់គ្រៀកករម្ចាស់រថយន្ត និង យកកាំបិតកាប់ បណ្តាលឲ្យរងរបួស ។ ក្រោយពីមានការបង្កភ្ញាក់ផ្អើលបែបនេះពួកគេ ធ្វើសកម្មភាពប្លន់យកទូរស័ព្ទពីជនរងគ្រោះបានចំនួន០២គ្រឿង ប៉ុន្តែប្លន់យករថយន្ត មិនបានសម្រេចទេ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ ហើយជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពរត់ចែករត់ជើងគ្នា ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមចាប់បានម្នាក់ភ្លាមៗ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវស្វែងរកមុខជនសង្ស័យតាមភិនភាគជាបន្តទៀត ដោយគ្មានការលើកឡេងឡើយ៕

អត្ថបទ៖ ព្រះសីហនុ

Share.