បាត់ដំបង៖ មានហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យបានកើតឡើងនៅកណ្តាលក្រុងបាត់ដំបង ធ្វើឲ្យផ្ទះ ពលរដ្ឋជិត ២០ខ្នងផ្ទះរងការបំផ្លាញទាំងស្រុង។

នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះថា អគ្គិភ័យ ដែលបានកើតឡើង នៅល្ងាច ថ្ងៃទី០៦ ខែកក្កដា បានបំផ្លាញលំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងចំណុចក្បែរផ្សារណាត់បាត់ដំបង ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អស់ចំនួន ១៨ខ្នងផ្ទះ ក្នុងនោះខូចខាតអស់ទាំងស្រុងចំនួន ១៤ខ្នង និងរោលខ្លោចចំនួន ៤ខ្នងផងដែរ។

មកទល់ម៉ោង ១២: ០០នាទីថ្ងៃទី ០៧ ខែកក្កដានេះនៅទាន់មិនមានសេចក្តីរាយការណ៍លម្អិត ពី មូលហេតុ និងទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជនរងគ្រោះនៅឡើយទេ ដោយ សមត្ថកិច្ចបានបញ្ជាក់ថា កំពុងឋិតក្នុងការស្រាវជ្រាវ។

ពលរដ្ឋដែលត្រូវអគ្គិភ័យឆាបផ្ទះ បានសម្រេចដាក់ពាក្យប្តឹងម្ចាស់ផ្ទះលក់គ្រឿង សង្ហារឹម និងលក់ពូក ឈ្មោះគៀ អេងហុង ភេទប្រុស អាយុ ៧០ ឆ្នាំ ដោយពលរដ្ឋចោទថាជាដើមហេតុដែលបង្កឲ្យមានការ ឆាបឆេះ។

យ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យខាងលើមិនបណ្តាលឲ្យមានមនុស្សរងរបួសឬបាត់បង់ជីវិតនោះឡើយ៕

អត្ថបទ៖ដំបងក្រញូង

Share.