បាត់ដំបង៖ទុស្សេខ្សែភ្លើងរាលឆាបឆេះផ្សារត្រែង ខូចខាតអស់តូបលក់ដូរ ៨តូបបង្កការភ្ញាក់ផ្អើលទាំងយប់។

ករណីអគ្គិភ័យនេះបានកើតឡើងនៅអំឡុងវេលាម៉ោងជាង ១:០០នាទីរំលងអាធ្រាតថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អគ្គិភ័យនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែបានបំផ្លាញតូបលក់ដូរអស់ចំនួន ០៨ តូប និងទំនិញជាច្រើនដែលក្រុមអ្នកលក់ដូរស្តុកទុកសម្រាប់លក់ ចែកចាយ។ ទំហំនៃការប៉ះពាល់ដោយឧបទ្ទវហេតុខាងលើនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ។

ប្រភពពលរដ្ឋនៅទីតាំងកើតហេតុបានអះអាងថា ដំបូងឡើយពួកគេបានឃើញខ្សែភ្លើងទុស្សេ ហើយបែកផ្កាភ្លើងឆេះក៏រាលដាលយ៉ាងលឿនទៅដល់តូបផ្សារតែម្តង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅជិតនោះក៏នាំគ្នាជួយពន្លត់ រហូតដល់រថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុករតន:មណ្ឌលចុះមកអន្តរាមន៍ជួយពន្លត់បន្ថែមទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕

អត្ថបទ៖ដំបងក្រញូង

Share.