បន្ទាប់ពីលោក ហាន គីម ស្វាមីរបស់តារាស្រី ពេជ្រ សូលីកា ប្រកាសជាសារនៅក្នុង Story របស់លោកថា លោកនឹងតារាចម្រៀងស្រីរូបនេះ សល់ត្រឹមតែពាក្យថា ឪពុក ម្ដាយ សម្រាប់តែកូន ឯទំនាក់ទំនងមិនដូចដើមទៀតនោះ ភ្លាមៗមហាជនពិតជាភ្ញាក់ផ្អើលខ្លាំងចំពោះការចែកផ្លូវគ្នាបែបស្ងប់ស្ងាត់នេះ ព្រោះកន្លងមកគេធ្លាប់តែឃើញអ្នកទាំងពីរផ្អែមល្ហែមដាក់គ្នាមិនលោះថ្ងៃ។

ដំណឹងនេះប្រហែលជាអ្នកគាំទ្រ ឬក៏ហ្វេនធ្វើការផ្ញើបន្តទៅកាន់តារាស្រី ហ្វី យ៉ាតា ទើបបានជានាងចេញសារមួយដែលអះអាងថា សូមកុំយករឿងដែលមិនពាក់ព័ន្ធនិងនាងមកប្រាប់នាងអី ព្រោះនាងបានអហោសកម្មឱ្យគ្រប់យ៉ាងហើយ។

ហ្វី យ៉ាតា រៀបរាប់ថា ៖ «សុំមនុស្សមួយចំនួនបើពិតជាស្រឡាញ់ខ្ញុំ សូមមិនបាច់យករឿងដែលមិនពាក់ព័ន្ធនិងខ្ញុំមកប្រាប់ខ្ញុំទេ. ខ្ញុំអាហោសិកម្មអោយទៅគ្រប់មនុស្សដែលធ្វើមិនល្អដាក់ខ្ញុំអស់ហើយ មិនថាធ្លាប់មើលងាយខ្ញុំក្នុងនាមខ្ញុំជា single mum រឺធ្លាប់និយាយមិនល្អពីខ្ញុំ កុហកបោកប្រាស់រឺអ្វីក៏ដោយ. អញ្ចឹងខ្ញុំសុំមិនដឹងលឺអ្វីទាំងអស់. រាល់ថ្ងៃខ្ញុំរស់ជាខ្លួនខ្ញុំ ខំរកស៊ីធ្វើការចិញ្ចឹមកូន ត្រៀមសំរាប់អនាគតកូនទៅថ្ងៃមុននិងអនាគតខ្លួនឯង. រឿងអ្នកណាយ៉ាងម៉េចខ្ញុំមិនដឹងទេ ព្រោះកន្លងមកខ្ញុំធ្លាប់ដាស់តឿនហើយ. ខ្ញុំជឿថាពេលវេលានិងបើកភ្នែកមនុស្សមួយចំនួនអាចមើលឃើញថាកន្លងមកអ្វីដែលខ្ញុំធ្លាប់និយាយដាស់តឿនគឺសុទ្ធតែជាការពិតនិងខ្ញុំគ្រាន់តែចង់ឲ្យគេល្អ. តែការជ្រើសរើសគឺជារបស់មនុស្ស រើសតបស្នងទៅអំពើនោះដោយបែបណាជាកម្មផលរបស់គេ. អញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់រាប់អានខ្ញុំពិតប្រាកដ សុំកុំនិយាយរឿងដែលមិនពាក់ព័ន្ធនិងខ្ញុំប្រាប់ខ្ញុំអី ខ្ញុំមិនត្រូវការសើចយំអ្នកណាទេ. ព្រោះខ្ញុំគិតរឿងបាបបុណ្យ… ដោយសារតែគ្រប់យ៉ាងដែលយើងសាងវានឹងសងយើងនៅក្នុងជាតិនេះមិនចាំបាច់ជាតិក្រោយ។ 🙏🏼»។

គេនៅចាំបានថា ហ្វី យ៉ាតា និង ពេជ្រ សូលីកា ធ្លាប់ជាមិត្តសម្លាញ់នឹងគ្នា និងយល់ចិត្តថ្លើមគ្នាបំផុត តែជាអកុសល ទំនាក់ទំនងរបស់អ្នកទាំងពីរក៏ប្រេះឆាវិញ៕

Share.