បាត់ដំបង÷ ប្រជាកសិករខ្មែរតំបន់ព្រំដែនច្រើនជាង ១០០នាក់ ប្រតិ្តកម្មលើចំណាត់ការផ្លូវច្បាប់របស់មន្ត្រីជំនាញផ្នែកជញ្ជីងថ្លឹងដោយមិនឲ្យឃាត់រថយន្តថៃដែលចូលមកទិញ និងដឹកកសិផលរបស់ពួកគាត់ក្រោយបានដឹកជញ្ជូនលើសទម្ងន់ផ្ទុក។

កសិករម្នាក់ក្នុងចំណោមជាច្រើននាក់ផ្សេងទៀតបានលើកឡើងថា ការលើកគ្នាមកធ្វើការរារាំងប្រឈមជាមួយមន្ត្រីជំនាញនេះបានកើតឡើងកាលពីល្ងាច ដល់ម៉ោងជិត ១០យប់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវព្រំដែនខ្មែរថៃចំណុចច្រកកាប៊ីន ក្នុងភូមិចំបក់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ពលរដ្ឋ ក៏ដូចជាម្ចាស់សាយឡូបានបញ្ជាក់ថា ការល្មើសច្បាប់នេះមន្ត្រីជំនាញកម្ពុជាគួរតែយោគយល់ព្រោះមួយឆ្នាំមានតែមួយដងប៉ុណ្ណោះថៃចូលមកប្រមូលទិញកសិផលពីចម្ការ ពុំនោះទេក្រុមឈ្មួញថៃគេនឹងមិនចូលមកទិញដំណាំកសិកម្មដូចជា: ពោត ដំឡូង សណ្តែក របស់កសិករខ្មែរយើងឡើយធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់កាន់តែលំបាក។ ការឡោមព័ទ្ធ និងរារាំងមិនឲ្យមន្ត្រីជំនាញនាំយករថយន្តរបស់ឈ្មួញថៃទៅអនុវត្តតាមផ្លូវច្បាប់ខាងលើបើទោះបីមានលោកព្រះរាជអាជ្ញាដឹកនាំកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាច្រើននាក់ក្នុងការអន្តរាគមន៍ក៏ដោយ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ភាពតានតឹងកាលពីយប់មុិញនេះគឺដោយសារតែមន្ត្រីជញ្ជីងចល័តបានឃាត់រថយន្តថៃដែលដឹកលើសទម្ងន់រហូតដល់ ៧០តោនទើបកម្លាំងបញ្ជារថយន្តថៃទាំង នោះចូលទៅចាក់ពោតក្នុងសាយឡូវិញ រួចយករថយន្តមកខេត្តដើម្បីអនុវត្តតាមច្បាប់កម្ពុជាខណះកម្រិតស្តង់ដាដឹកត្រឹម ៤០តោនប៉ុណ្ណោះ ចំពោះមុខនេះពួកគាត់សំណូមពរសុំដឹកជញ្ជូនត្រឹម៥០តោនវិញ។

លោកបានបន្តថា ការសំណូមពរពីប្រជាកសិករដល់មន្ត្រីជំនាញសុំដឹកជញ្ជូនទម្ងន់ ៥០តោនដែលលើសពីច្បាប់កំណត់ នេះក្រុមការងារក៏បានប្រាប់ពួកគាត់អោយធ្វើលិខិតស្នាម និងផ្តិតមេដៃដើម្បីក្រុមការងារបញ្ជូនឆ្លងទៅក្រសួងពិនិត្យពិចារណា៕

អត្ថបទ៖​ ដំបងក្រញូង

Share.