ខេត្តព្រះសីហនុ ៖ ភ្លៀងជាប់ៗគ្នា នាប៉ុន្មានថ្ងៃក្រោយនេះ បានធ្វើអោយតំបន់មួយចំនួននៃខេត្តព្រះសីហនុ មានការជន់លិចជាអន្លើ ជាក់ស្តែងនៅតាមបណ្ដោយផ្លូវជាតិលេខ 4 គិតត្រឹមម៉ោង ១២កន្លះថ្ងៃត្រង់ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ កម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចន្លោះ គ.ម ១១៥- គ.ម ១១៦ កម្ពស់ទឹក ឡើងដល់ ៥,៣០ម៉ែត្រហើយ ។

បើទោះជាមិនទាន់ឡើងដល់ចំណុចប្រកាសអាសន្ន(៥,៨០ម៉ែត្រ) ប៉ុន្តែមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ពន្ធ័បានចុះទៅដល់គោលដៅស្ពាននេះហើយ ដើម្បីត្រៀមបម្រុងធ្វើការងារ ក្នុងករណីទឹកបន្តឡើង។ដើម្បីឆ្លើយតបនឹងត្រៀមលក្ខណៈនូវបញ្ហាចំពោះមុខនាព្រឹកថ្ងៃទី 12 កក្កដានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងតាមភូមិសាស្រ្តផ្សេងៗដែលងាយរងការជនលិច ។ ជាបឋម
លោកឧត្តមសេនីយ៍ទោស្នងការ បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្អស់ និងថែរក្សាសុខភាពអោយបានល្អ ។

ដោយឡែកលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលាបានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថានៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2022 រដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឲ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ ក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាជនរស់នៅសរុបចំនួន 42 គ្រួសារ ដោយគិតមកដល់ត្រឹមម៉ោង 10 និង 30 នាទីព្រឹកថ្ងៃខែឆ្នាំដដែលនេះស្ថានភាពទឹកជំនន់បានបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន 39 គ្រួសារ និងមានប្រជាជនសរុបចំនួន 239 នាក់៕

អត្ថបទ៖ ព្រះសីហនុ

Share.