ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងកម្មករសំណង់ស្នាក់នៅយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ៏យនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវចៃកា ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះ និងមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីរោងស្នាក់នៅរបស់កម្មករសំណង់ដែលជារបស់ក្រុមហ៊ុន ហួងសាន អ៉ីនធេីណេសិនណល បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនក្រុមកម្មករផ្សេងទៀតបានរត់ចេញស្រែកឆោឡោប្រាប់គ្នាឱ្យជួយយកទឹកមកជះពន្លត់ តែដោយសារភ្លើងឆាបឆេះលឿនពេកទើបមិនអាចគ្រប់គ្រងស្ថានការណ៍បាន រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចុះជួយបាញ់ពន្លត់ភ្លាមៗតែម្តង។

សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះអគ្គិភ័យនេះបានឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់ដែលជារបស់ក្រុមហ៊ុន ហួងសាន អ៉ីនធេីណេសិនណល បណ្តាលមកពីឆ្លងចរន្តអគ្គិសនីធ្វើឱ្យឆេះខូចខាតអស់ចំនួន១០បន្ទប់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់អស់មួយចំនួន តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ប្រតិបត្តិការពន្លត់អគ្គិភ៏យនេះដែររថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្របានចេញជួយអន្តរាគមន៍ចំនួន២គ្រឿងបាញ់ពន្លត់អោយរលត់ទៅវិញជាស្ថាពរ៕

អត្ថបទ÷សេង សាវី

Share.