បាត់ដំបង÷ ភ្លៀងធ្លាក់ ៤ថ្ងៃជាប់គ្នានៅតំបន់ខាងលើស្រុកសំឡូត បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងខ្ពស់។

ចាប់តាំងពីរសៀលថ្ងៃត្រង់ ថ្ងៃទី ១៣ ដល់វេលាថ្ងៃត្រង់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះទឺកស្ទឹងសង្កែបានជោរជន់ហក់ឡើងយ៉ាងគំហុកពីចំណុចបាតស្ទឹង រហូតដល់មានកម្ពស់ ១៣ ម៉ែត្រ ថែមទាំងកម្លាំងទឹកហូរខ្លាំងកួចត្របាញ់ចាក់ឆ្ពោះទៅផ្ទៃបឹងទន្លេសាបយ៉ាងលឿនផងដែរ។

ប្រជាពលរដ្ឋរស់នៅតំបន់ស្រុកសំឡូតបានលើកឡើងថា÷ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដានេះភ្លៀងចាប់ផ្តើមធ្លាក់បន្ថែមទៀតហើយក្រោយមេឃរាំងភ្លៀងបានមួយថ្ងៃ និងជន់លិចផ្ទះ និងដំណាំដំឡូងរបស់ប្រជាពលរដ្ឋមួយចំនួនតូច។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកឧតុនិយមខេត្តបាត់ដំបងបានបញ្ជាក់ថា÷ ជំនន់ទឹកស្ទឹងសង្កែហក់ឡើងលឿននេះដោយសារ ៣-៤ថ្ងៃមុនមានទឹកភ្លៀងធ្លាក់នៅប៉ែកខាងលើរបស់ស្រុកសំឡូត ទើបទឹកបានហូរស្រុងចាក់ចូលផ្ទៃទំនប់ស្តុកទឹកសេកសកលើសចំនួនអតិបរមា ធ្វើឲ្យមន្ត្រីជំនាញបើកបន្ធូរទ្វាទឹកបន្តិច ប៉ុន្តែនៅរសៀលនេះមន្ត្រីជំនាញបានបិតទ្វាទឹកវិញហើយ ដូច្នេះបងប្អូនកុំព្រួយបារម្ភវាគ្រាន់តែជាកន្ទុយទឹកប៉ុណ្ណោះដែលហូរឆ្លងកាត់ទីប្រជុំជនក្រុងបាត់ដំបង។

មន្ត្រីធនធានទឹកខាងលើបានឲ្យដឹងដែរថា÷ ពេលនេះជំនន់ទឹកភ្លៀងបានហូរចាក់ចូលអូរ និងព្រែកធំៗមួយខ្លះហើយដោយសារទំនប់ទប់ទឹកនៅសាលាតាអន ស្រុកឯកភ្នំ បានបិតបង្ខាំងដើម្បីឲ្យធារទឹកហៀរចែកចាយទៅកាន់ទីទាប៕

អត្ងបទ÷ដំបងក្រញូង

Share.