រលកកម្ដៅដ៏ខ្លាំងក្លាមួយនៅអឺរ៉ុបខាងលិចកាលពីថ្ងៃ ច័ន្ទ ទី ១៨ ខែ កក្កដា បានធ្វើឲ្យទ្វីបជាច្រើនត្រូវរសាត់ទៅក្រោមព្រះអាទិត្យដ៏ក្ដៅគគុក ដោយបានធ្វើឲ្យបណ្ដាប្រទេសនៅតំបន់អឺរ៉ុបមួយចំនួនជួបប្រទះនឹងការឡើងកម្ដៅ និង ភ្លើងឆេះព្រៃ។

ចក្រភពអង់គ្លេសជួបសីតុណ្ហភាព ៣៨.១អង្សាសេ នៅទីក្រុង Suffolk ភាគខាងកើតប្រទេស បានធ្វើឲ្យក្លាយជាថ្ងៃក្ដៅបំផុតប្រចាំឆ្នាំ និង ជាថ្ងៃក្ដៅបំផុតទី៣ ក្នុងកំណត់ត្រា។

ឥលូវនេះមានការរំពឹងទុកថា កំណត់ត្រាបច្ចុប្បន្នរបស់ចក្រភពអង់គ្លេសអាចនឹងត្រូវបំបែកកំណត់ត្រាក្ដៅរហូតដល់ ៤០អង្សាសេ ជាលើកដំបូង ដោយអ្នកជំនាញបានបន្ទោសការប្រែប្រួលអាកាសធាតុ និង ព្យាករណ៍ថា​ អាកាសធាតុអាចនឹងធ្ងន់ធ្ងរ ហើយមានការប្រែប្រួលជាញឹកញាប់។

ដោយឡែក ការិយាល័យអាកាសធាតុជាតិរបស់បារាំងបាននិយាយថា នៅប្រទេសបារាំង និង ទីក្រុងជាច្រើនបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ។

ខណៈទីក្រុង Brest នៅតំបន់ឈូងសមុទ្រអាត្លង់ទិក ភាគពាយព្យនៃប្រទេសបារាំង បានឡើងកម្ដៅរហូតដល់ ៣៩.៣អង្សាសេ ហើយតំបន់ខ្លះបានឡើងកម្ដៅរហូតដល់ ៤០អង្សាសេ ដែលបំបែកកំណត់ត្រាចាស់កាលពីឆ្នាំ ២០០៥ តំបន់នេះឡើងកម្ដៅត្រឹម ៣៥.១អង្សាសេ។

ទោះជាយ៉ាងណា ក្រុមអ្នកពន្លត់អគ្គីភ័យនៅភាគនិរតីនៃប្រទេសបារាំងបានតស៊ូដើម្បីទប់ស្កាត់អគ្គីភ័យដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ដោយសារតែបម្រែបម្រួលអាកាសធាតុបង្កទៅជា ភ្លើងឆេះព្រៃ និង កើនឡើងរលកកម្ដៅ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបកំពុងស្នើសុំជំនួយសង្រ្គោះបន្ទាន់ ដើម្បីពន្លត់ភ្លើង។

ទាក់ទិននឹងបញ្ហានេះ ប្រធានផ្នែកគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុបកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្ដហោះនានាដើម្បីទិញយន្ដហោះពន្លត់អគ្គីភ័យ សម្រាប់ប្រយុទ្ធនឹងការកើនឡើងហានិភ័យនៃភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ ជាពិសេសភ្លើងឆេះព្រៃនៅអឺរ៉ុបខាងត្បូងដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ CNA

Share.