រលកកម្ដៅដ៏ខ្លាំងមួយដែលបង្កជាភ្លើងឆេះព្រៃដ៏សាហាវនៅអឺរ៉ុបខាងលិចបានជំរុញឲ្យសីតុណ្ហភាពក្នុងចក្រភពអង់គ្លេសឡើងកម្ដៅលើសពី ៤០អង្សាសេ​ ជាលើកដំបូងនៅថ្ងៃ​ អង្គារ៍ ទី ១៩ ខែ កក្កដា នេះ ដែលបានកត់ត្រាថា ជាថ្ងៃក្ដៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

សីតុណ្ហភាពបានឡើងដល់ ៤០.២អង្សាសេ នៅ ហេធរូវ (Heathrow) នាពេលវេលាម៉ោង ១២:៥០នាទី ថ្ងៃត្រង់ ដោយមួយម៉ោងក្រោយមក សីតុណ្ហភាពដូចគ្នា ត្រូវបានកត់ត្រានៅក្នុងភូមិ ខូនីងស្ប៊ី (Coningsby) នៃតំបន់ លីនខុនសៀ (Lincolnshire) នៅភាគខាងកើតចក្រភពអង់គ្លេស។

គិតត្រឹមម៉ោង ៤:១២នាទីល្ងាច សីតុណ្ហភាពនៅតំបន់ លីនខុនសៀ (Lincolnshire) បានកើនឡើងដល់ ៤០.៣អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះនៅចក្រភពអង់គ្លេស។

នៅព្រឹកព្រលឹមថ្ងៃ ពុធ នេះ សីតុណ្ហភាព ៣៩.១អង្សាសេ ត្រូវបានកត់ត្រានៅក្នុងភូមិ ឆាលវូត (Charlwood) នៃស្រុក សើរ៉ី (Surrey) ហើយទីតាំងចំនួន ៣៤ កន្លែងក្នុងប្រទេសនេះបានបំបែកកំណត់ត្រាចាស់ ៣៨.៧អង្សាសេ ដែលបានកំណត់កាលពីឆ្នាំ ២០១៩ នៅឧទ្យាន ខេមប្រ៊ីជ បូតានីក ហ្គាដេន (Cambridge Botanic Garden)។

ស្របពេលជាមួយគ្នានោះដែរ រលកកម្ដៅបានបង្កឲ្យមានគ្រោះអគ្គីភ័យដ៏ធំមួយនៅទីក្រុង ឡុងដ៏ (London)។ ចំណែកកំណត់ត្រាសីតុណ្ហភាពពេលយប់ ត្រូវបានបំបែក ដោយតំបន់ ខេនលី (Kenley) នៃស្រុក សើរ៉ី (Surrey) មានសីតុណ្ហភាពឡើងដល់ ២៥.៨អង្សាសេ។

ការឡើងកម្តៅដ៏ក្តៅគគុក បានបង្កជាការរំខាន ដល់ការធ្វើដំណើរយ៉ាងធ្ងន់ធ្ងររួចមកហើយ ដោយអាកាសយានដ្ឋាន លូតុន (Luton) ត្រូវបង្ខំចិត្តផ្អាកជើងហោះហើរកាលពីថ្ងៃ ច័ន្ទ ដោយសារបញ្ហាផ្លូវរត់។

កាលពីថ្ងៃ អង្គារ៍ ប៉ូលីសបាននិយាយថា ផ្នែកមួយនៃផ្លូវរទេះភ្លើងនៅ ខេមប្រ៊ីជសៀ (Cambridgeshire) ត្រូវបានទុកចោល ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។

គួរបញ្ជាក់ថា មិនថាតែនៅអង់គ្លេសទេ ប្រទេសស្កុតឡែន និងវេលស៍ ក៏ជួបប្រទះថ្ងៃក្តៅបំផុត ក្នុងកំណត់ត្រាផងដែរ ហើយការឡើងកម្ដៅនេះគឺជាការឡើងកម្ដៅមិនធ្លាប់មានពីមុននៅតំបន់អឺរ៉ុប៕

ប្រភព៖ CNA

Share.