ប្រព័ន្ធៀផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃ អាទិត្យថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសស៊ូដង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់ និង បណ្ដាលឲ្យមានអ្នករងរបួស រួមទាំងខូចខាតផ្ទះសម្បែងរាប់ពាន់ខ្នង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២។

ជាធម្មតារដូវភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសស៊ូដង់ គឺនៅចន្លោះពីខែ ឧសភា ដល់ ខែ តុលា ហើយប្រទេសនេះប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរជារៀងរាល់ឆ្នាំ ដោយបានបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង ផលដំណាំជាដើម។

អាជ្ញាធរស៊ូដង់បានឲ្យដឹងថា មនុស្សសរុបចំនួន ៥២នាក់ បានស្លាប់ និង ២៥នាក់ផ្សេងទៀតបានរងរបួសដោយសារតែភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានទឹកជំនន់។ ទន្ទឹមនោះ ផ្ទៃដីកសិកម្មចំនួន ២១៩ហិកតា ត្រូវបានជន់លិច ផ្ទះសម្បែង ៥,៣៤៥ខ្នង ត្រូវបានបំផ្លាញ និង ២,៨៦២ខ្នង រងការខូចខាតនៅទូទាំងប្រទេសស៊ូដង់ នេះបើយោងតាមការឲ្យដឹងពីក្រុមប្រឹក្សាជាតិសម្រាប់ការពារជនស៊ីវិល។

រដ្ឋនៅភាគខាងជើងទន្លេនីល ស្ថិតក្នុងចំណោមរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេនៅស៊ូដង់ ដោយផ្ទះសរុបចំនួន ២,៧៣២ខ្នង ត្រូវបានបំផ្លាញ និង ផ្ទះប្រហែល ៦៩០ខ្នង រងការខូចខាត។​

សូមជម្រាបថា នៅក្នុងរបាយការណ៍កាលពីថ្ងៃ ច័ន្ទ សប្ដាហ៍មុន ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣៨,០០០នាក់ នៅទូទាំងប្រទេសស៊ូដង់បានរងផលប៉ះពាល់ដោយទឹកភ្លៀង ដែលបង្កជាទឹកជំនន់ចាប់តាំងពីដើមរដូវវស្សាមក៕

ប្រភព៖ The Guardian

Share.