ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅទូទាំងប្រទេស ដែលអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ នៅក្នុងខេត្តចំនួន៨ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។


ក្រសួងបានបន្តទៀតថា “ខេត្តមួយចំនួនដែលមានទឹកភ្លៀងពីមធ្យមទៅច្រើននាពេលកន្លងមក នឹងទទួលរងហានិភ័យនៃជំនន់ទឹកភ្លៀង”។ ខេត្តដែលប្រឈមនឹងគ្រោះទឹកជំនន់មានខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងឧត្តរមានជ័យ។

យោងតាមសេក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ កម្ពុជានឹងទទួលរងសម្ពាធទាប (ITCZ) អូសបន្លាយកាត់លើភាកខាងជើងប្រទេសថៃ ឡាវ វៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅភាគខាងលើសមុទ្រចិនខាងត្បូង រួមជាមួយនឹងខ្យល់មូសុងនិរតីបក់ពីមធ្យមទៅបង្គួរ។


ជាមួយគ្នានេះដែរ ក្រសួងក៏បានណែនាំសាធារណជនឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននិងការខូចខាតទ្រព្យសម្បត្តិ៕

Share.