ហេតុអ្វីយកបៀរ និងគ្រាប់ប៉ោង ធ្វើនិម្មិត្តសញ្ញាតំណាងខេត្ត? តើកម្ពុជាជាអ្នកបង្កើតល្បែងស៊ីសង? សំណួរទាំងនេះកើតចេញពីមហាជនចោទសួរ បន្ទាប់ពីឃើញកម្មវិធីប្រឡងបវរកញ្ញាមួយមានឈ្មោះថា Miss Grand Cambodia 2022 បានបង្ហាញពីឈុតសម្លៀកបំពាក់តុបតែងជាសន្លឹកបៀរ និងគ្រាប់អាប៉ោង។
មតិសាធារណបានលើកឡើងនៅលើបណ្ដាញសង្គមថា ពូជខ្មែរមិនមែនជាអ្នកបង្កើតល្បែងស៊ីសងនោះទេ ប៉ុន្ដែខ្មែរបានបង្កើតនូវល្បែងប្រជាប្រិយសម្រាប់កម្សាន្ត នៅក្នុងពិធីបុណ្យប្រពៃណី ដូចជាចូលឆ្នាំខ្មែរជាដើម។
ផ្ទុះពីអត្តសញ្ញាណខ្មែរ កម្មវិធីខាងលើនេះ បានឲ្យនារីខ្មែរគ្រងសម្លៀកបំពាក់បង្ហាញបៀរ និងគ្រាប់អាប៉ោង ដែលជាល្បែងស៊ីសង ដែលសង្គមខ្មែរមិនគាំទ្រ។ ថ្វីបើបៀរ និងអាប៉ោង មានអ្នកលេងនៅក្នុងប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្ដែ មិនមែនជាទូទៅនោះឡើយ គឺលេងជាលក្ខណៈបុគ្គល ប៉ុន្ដែខ្មែរស្ទើរគ្រប់រូប បានជំទាស់ទៅនឹងការលេងល្បែងស៊ីសង។

មហាជនបានចោទជាសំណួរថា តើកម្មវិធីនេះដើម្បីអ្វី? បង្ហាញពីភាពស្រស់ស្អាតនារីខ្មែរ និងអត្តសញ្ញាណខ្មែរ? ប្រសិនបើចង់បង្ហាញពីនារី និងអត្តសញ្ញាណខ្មែរ មិនគួរណាគ្រងសម្លៀកបំពាក់បែបនេះ និងបង្ហាញពីល្បែងស៊ីសងនោះទេ ព្រោះធ្វើឲ្យខ្មែរអសោចកេរ្តិ៍។
ប្រភពព័ត៌មានបានឲ្យដឹងថា ឈុតខាងលើនេះគឺតំណាងឲ្យក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុបាវិត ខេត្តស្វាយរៀង។ ប៉ុន្ដែយ៉ាងណាក៏ដោយមកដល់ពេលនេះ នៅមិនទាន់មានការបកស្រាយពីអ្នកច្នៃម៉ូតសម្លៀក និងអ្នកគ្រប់គ្រងកម្មវធីប្រឡងបវរកញ្ញានេះ ឲ្យបានច្បាស់លាស់នោះទេ៕

Share.