ដូចមហាជនបានដឹងហើយថា នៅក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodia Idoal រដូវកាលទី ៤ មានបេក្ខជន Top 4 ចំនួន ៤រូបសម្រាប់អាទិត្យនេះរួមមាន បេក្ខជន លីម តិចម៉េង បេក្ខជន នាង ដាវីន បេក្ខជន ថុល សុភិទិ និងបេក្ខជន ស៊ីម ច័ន្ទពន្លឺ ។ អ្នកទាំង ៤គឺត្រៀមខ្លួនរួចជាស្រេចក្នុងការចូលទៅដណ្ដើមពាន ដោយឆ្លងកាត់វិញ្ញាសារសំខាន់របស់កម្មវិធី។ គេនៅមិនទាន់ដឹងថា ការប្រកួតនៅក្នុងថ្ងៃផ្ដាច់ព្រ័ត្រនេះ មានប៉ុន្មានដំណាក់កាលនោះទេ ឬក៏មានការចាប់ដៃច្រៀងដូចកាលពីថ្ងៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រឬយ៉ាងណាដែរ ក៏ប៉ុន្តែគ្រប់គ្នាកំពុងតែពុះកញ្ជ្រោលចាំមើលថា អ្នកណាជាអ្នកខ្លាំងពិតប្រាកដ ? អ្នកណាជាម្ចាស់ពានពិតប្រាកដ?

ថ្ងៃនេះត្រយងនឹងបង្ហាញពីបេក្ខជន Top 4 ទាំងបួនរូបឱ្យមហាជនបានជ្រាបដឹង និងត្រៀមបោះឆ្នោតជូន៖

1 បេក្ខជន លីម តិចម៉េង

បេក្ខជនរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានវ័យ ២៥ ឆ្នាំ និងជាអ្នកចម្រៀងនៅ Pub មួយកន្លែងនៅរាជធានីភ្នំពេញ។ នៅថ្ងៃឈានជើងចូលមកប្រឡងចម្រៀង លីម តិចម៉េង គឺមានតែហ្គីតាមួយដើមតែប៉ុណ្ណោះ មកបង្ហាញសមត្ថភាពឱ្យគណៈកម្មការបានឃើញ។ បេក្ខជនរូបនេះ មិនទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារក្នុងការមកប្រឡងចម្រៀង តែកម្លាំងចិត្តកើតមានពីក្ដីស្រឡាញ់សិល្បៈទាំងស្រុង។ តិចម៉េង បានបង្ហើបប្រវត្តិថា លោកមានឪពុកជា អ្នកបើកឡានសាលា និងមានម្ដាយជាសន្ដិសុខព្រមទាំងជាអ្នកលក់ចាប់ហ៊ួយនៅមុខរោងចក្រ។ តាមរយៈការបង្ហាញសមត្ថភាពជាច្រើនសប្ដាហ៍មក គេកត់សម្គាល់ឃើញថា ទឹកដមសំឡេងរបស់ តិចម៉េង គឺមានទំងន់ និងមានបង្កប់មនោសញ្ចេញនាយ៉ាងជ្រាលជ្រៅ។ បេក្ខភាពរូបនេះអាចបត់បែនស្ទាយច្រៀងរបស់ខ្លួនបានជាច្រើនទម្រង់បទ និងជាពិសេសតែងតែទទួលសារគាំទ្រពីមហាជនបានច្រើនជាងគេ។

2- បេក្ខជន នាង ដាវីន

នាង ដាវីន ជាបេក្ខជនម្នាក់ដែលធ្វើដំណើរពីខេត្តកំពង់ស្ពឺ មានអាជីពជានិស្សិតផង និងជាអ្នកចម្រៀងប្រចាំហាងផង។ ដាវីន បានមកប្រឡងតំណាលគ្នាជាមួយមិត្តភ័ក្ដម្នាក់ ដែលជាអ្នកលេងហ្គីតាឱ្យច្រៀង។ មុនពេលចូលមកប្រឡងចម្រៀង ដាវីន ធ្លាប់មានឈ្មោះនៅលើបណ្ដាញសង្គមយូធូប តាមរយៈការ​ Cover បទចម្រៀងល្បីៗ ហើយបទដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេនោះ គឺបទ «រៀបការថ្ងៃណា» ដែលជាសំនៀងដើមលោកព្រាបសុវត្ថិ។ ឆ្នាំនេះ នាង ដាវីន ទើបតែ ២២ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែកម្លាំងសំឡេងវិញ គឺធំហួសមាឌ។ មហាជនបានលើកឡើងថា ដាវីន មានទឹកដមសំឡងផ្អែមបែបលួងលោម ហើយអាចច្រៀងបទមនោសញ្ចេតនាស្រុកស្រែ និងជាពិសេសប្រភេទបទប្រពៃណី មរតកដើម គឺបានល្អជាងគេ។ កាលពីថ្ងៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាង ដាវីន ទទួលបានសំឡេងសារបោះឆ្នោតស្ថិតក្នុងលេខរៀងទី ២ បន្ទាប់ពី លីម តិចម៉េង ដែលគេមើលឃើញថា សន្ទុះនៃការគាំទ្ររបស់ដាវីន គឺហក់ឡើងមិននឹកស្មានដល់។

3-បេក្ខជន ថុល សុភិទិ

បេក្ខជនរូបនេះ ត្រូវបានមហាជនមើលឃើញថា ជាបេក្ខជនដែលមានសំឡេងផ្អែមប្លែកខុសគេបន្តិច ព្រោះទាំងការច្រៀងរបស់គេក៏ហាក់ប្លែក មានស្ទាយជារបស់ខ្លួនឯង និងមិនជាន់តារាចម្រៀងដទៃ។ ថុល សុភិទិ ជាបេក្ខជនជើងខ្លាំងមួយរូបដែលមានភាពលេចធ្លោជាងគេ និងទទួលការគាំទ្រពីហ្វេន។ ភិទិ លើកយកបទ «មិនអាចឃាត់ទេ» មកប្រកួតប្រជែងនៅសប្ដាហ៍ Live Show ដំបូង។ តាមរយៈបទចម្រៀងមួយបទនោះ ភិទិ ធ្វើបានយ៉ាងល្អ បញ្ចេញសំឡេងយ៉ាងពីរោះក្រអួនក្រអៅធ្វើឱ្យគណៈកម្មការទាំង ៤ សរសើរមិនដាច់ពីមាត់ និង ធ្វើឱ្យទស្សនិកជនស្រែកហ៊ោកក្រើកឆាក។ ភិទិ តែងតែខំប្រឹងហ្វឹកហាត់ផ្នែកសំឡេងណាស់ សំឡេងគាត់មានរសជាតិថ្មី ផ្អែម ស្រទន់ រូបសម្បត្តិក៏សង្ហា។

4-បេក្ខជន ស៊ីម ច័ន្ទពន្លឺ

ស៊ីម ច័ន្ទពន្លឺ ជាបេក្ខជនដែលឆក់បានការសរសើរខ្លាំង ជាមួយរូបរាងយ៉ាងស្រស់សង្ហារបស់លោក ថែមទាំងមានសមត្ថភាពខ្លាំងទៀត។ បេក្ខភាពរូបនេះ ជានិស្សិតពេទ្យបានបញ្ចប់ការសិក្សានៅប្រទេសវៀតណាម និងក៏ជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពីភពលោក The Voice នៅឯប្រទេសវៀតណាមទៀតផងដែរ។ បេក្ខជន ស៊ីម ច័ន្ទពន្លឺ ក្រៅពីមានទឹកដមសំឡេងពីរោះហើយនោះ លោកក៏មានសមត្ថភាពរាំបានយ៉ាងពេញសមត្ថភាព រហូតដល់គណៈកម្មការលើកឡើងថា លោកជាបេក្ខជនដែលមានផ្ទាំងទស្សនីយភាពទស្សនាច្រើនជាងគេ ក្រៅពីការច្រៀង។ លោកគ្រូពេទ្យសង្ហាគឺជាបេក្ខជនមកពីខេត្តតាកែវ ៕

Share.