ក្នុងវគ្គផ្តាច់ព្រាត់នេះ គេមើលឃើញថា មានបេក្ខជន Top 4 ចំនួនបួនរូបរួមមានទី១ លោក នាង ដាវីន ទី២ លោក ថុល សុភិទិ ទី៣  លីម តិចម៉េង ទី៤ លោក ស៊ឹម ច័ន្ទពន្លឺ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភីនៅលើវេទិកាយ៉ាងអស្ចារ្យ។

តាមរយៈការប្រកួតប្រជែងលំដាប់ពិភពលោកនេះ គឺបេក្ខជនបានបង្ហាញឱ្យមហាជនអ្នកគាំទ្របានឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ ដោយបកស្រាយបទចម្រៀងដែលខ្លួនពេញចិត្តចំនួន ៣បទជាប់គ្នា។

ជាការពិតណាស់ នៅរាត្រីដ៏អស្ចារ្យនេះ កំឡោះតូច លីម តិចម៉េង បានធ្វើឱ្យកម្មវិធី Cambodian Idol រដូវកាលទី៤នេះបំបែកកំណត់ត្រាថ្មីសម្រាប់កម្មវិធីប្រឡងចម្រៀងនៅកម្ពុជា ដោយមានអ្នកគាំទ្រចូលទស្សនាការ Live ផ្ទាល់នៅលើហ្វេសប៊ុករហូតដល់ទៅជាងកន្លះលាននាក់ ដែលនេះមិនធ្លាប់កើតមានពីមុនមកឡើយ។ អ្នកគាំទ្រកំឡោះតូច ជាច្រើននាក់បានស្រែកហ៊ោ លើកទឹកចិត្ត​ឱ្យបេក្ខជនរូបនេះយ៉ាងខ្លាំង ថែមមានបាច់ផ្កាជាច្រើនបាច់បាននាំមកនូវក្ដីសង្ឃឹមជូនបេក្ខជនរូបនេះផងដែរ។

រាត្រីថ្ងៃផ្ដាច់ព្រ័ត្រនេះ កំឡោះតូច លីម តិចម៉េង មាន ៣ ចំណុចដែលគណៈកម្មការ ក៏ដូចជាអ្នកគាំទ្របានមើលឃើញ​ទី ១គឺ គុណភាពសំឡេង (បើទោះជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏ តិចម៉េង អាចគ្រប់គ្រងសំឡេងរបស់ខ្លួនបានដោយមិនបែកអារម្មណ៍) ទី២គឺ ការផ្សាភ្ជាប់មនោសញ្ចេតនាជាមួយបទចម្រៀងបានយ៉ាងល្អ ( តិចម៉េង មានទឹកដមសំឡេងពីរោះ មានការគាំទ្រពីមហាជនចេញពីចិត្ត ) ទី៣គឺ តិចម៉េង គឺមានភាពជោគជ័យ និងអាចលាចេញពីសុបិនរបស់ខ្លួនទៅកាន់ការពិត។

យ៉ាងណាមិញជាទីបញ្ជប់ក្នុងការប្រកួតចម្រៀងយប់មិញនេះ បេក្ខជន លីម តិចម៉េង ធ្វើបានល្អជាងគេ និងទទួលបានសំឡេងសារបោះឆ្នោតច្រើនជាងគេ ហើយក្លាយជាជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ នេះ ដោយទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន១០០លានរៀល និងបានក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មហង្សមាស។

ដោយឡែកបេក្ខជនដែលមិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ៤លានរៀល។  ក្រៅពីនេះ គេបានដឹងថា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ រួមទាំងបេក្ខជន Top 3 ក៏បានទទួលប្រាក់ឧបត្ថម្ភពីសម្ដេចនាយករដ្ឋមន្ត្រី ៦លានរៀល និងទទួលបានម្ចាស់ឧបត្ថមធំសម្រាប់កម្មវិធីម្នាក់ ៥លានរៀលថែមទៀត។

សូមជម្រាបដែរថា ក្រោយបញ្ចប់ការប្រកួត លោក ឌួង ឆាយ បានចេញមុខលើកទឹកចិត្តដល់បេក្ខជន លីម តិចម៉េង ចំនួន ១០០០ ដុល្លារផងដែរ៕

Share.