កាលពីពេលថ្មីៗនេះ គេបានឃើញស្រីស្អាត រចនា រ៉ាវាឌី និងតារាឯកប្រុស ប៉ែន ភ័ក្រសុធារិទ្ធ បានចាប់ដៃគ្នាបើ់កអាជីវកម្មធំមួយ គឺហាងលក់សម្លៀកបំពាក់បុរសនារី ឈ្មោះថា TP Homme by Rachana មានទីតាំងនៅលើផ្លូវ ៣៦០ ម្ដុំសារៈមន្ទីគុកទួលស្លែងទល់មុខឡានទឹកចាស់។ យ៉ាងណាមិញ គេក៏បានឃើញបណ្ដាតារាសិល្បៈជាច្រើននាក់បានចូលរួមអបអរអ្នកទាំងពីរ ឱ្យជំនួញថ្មីនេះកាន់តែរីកចម្រើនទៅមុខផងដែរ។

កញ្ញា រចនា រ៉ាវ៉ាឌី បានប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុកថា មូលហេតុធ្វើឱ្យកញ្ញាចាប់ដៃគ្នាបញ្ចេញមុខជំនួញក្រៅអាជីពសិល្បៈនេះឡើង​ នោះក៏ព្រោះថា ភាពទុកចិត្តគ្នាទៅវិញទៅមក ហើយលោក ប៉ែន ភ័ក្រសុធារិទ្ធ មានហាងលក់សម្លៀកបំពាក់បុរសឈ្មោះថា The Prince ចំណែក កញ្ញា រ៉ាវាឌី ក៏មានលក់សម្លៀកបំពាក់តាមអនឡាញលើទំព័រហ្វេសប៊ុក Rachana fashion shop ច្រើនឆ្នាំមកហើយដែរ។ ដូច្នោះទើបឱ្យមានការច្របាច់បញ្ចូលគ្នា ដើម្បីបំពេញបំណងរបស់អតិថិជនទាំងសងខាង។

តារាសម្ដែងឯកប្រុស ប៉ែន ភ័ក្រសុធារិទ្ធ ក៏ឱ្យដឹងថា ដោយសារតែស្គាល់គ្នាច្រើនឆ្នាំមកហើយ និងស្រលាញ់រាប់អានគ្នាដូចបងប្អូនផងនោះ ទំនាក់ទំនងនេះបានធ្វើឱ្យអ្នកទាំងពីរកាន់តែស្គាល់ចិត្តថ្លើមគ្នា និងទុកចិត្តគ្នាយ៉ាងខ្លាំង។ ហើយការសម្រេចចិត្តចាប់ដៃគ្នាបើកហាងដ៏ធំនេះ ព្រោះម្នាក់ៗសុទ្ធតែមានបទពិសោធន៍លើមុខរបរនេះស្រាប់។ លោកបន្ថែមថា សម្រាប់ការគ្រប់គ្រងក្នុងហាង គឺលោកគ្រប់គ្រងលើសម្លៀកបំពាក់ផ្នែកបុរស រីឯផ្នែកនារី គឺ រ៉ាវាឌី ជាអ្នកទទួលខុសត្រូវ។

តាមការបញ្ជាក់ប្រាប់ពីលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង កញ្ញា រចនា រ៉ាវឌី ចាប់ពីថ្ងៃបើកសម្ភោធនេះតទៅ ធីភី ហូមមី ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ៣០% ទៅលើសម្លៀកបំពាក់ទាំងផ្នែកបុរស និងនារី ដែលសុទ្ធសឹងនាំចូលពីបរទេសរួមមានថៃ វៀតណាម ហុងកុង ពោលគឺប្រទេសដែលពេញនិយមខាងហ្វេស្សិនក្នុងតំបន់អាស៊ី ដោយធានាបាននូវគុណភាពល្អ និងប្រណិតភាពជូនអតិថិនជនគ្រប់រូប៕

Share.