កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ នេះ គ្រប់គ្នាមិនត្រឹមតែចាប់អារម្មណ៍ចំពោះបេក្ខជនជើងខ្លាំងពេញសមត្ថភាពនោះទេ សូម្បីតែរាជិនីសម្រស់ និងជាកំពូលតារាចម្រៀងប្រចាំហង្សមាស គឺអ្នកនាង ឱក សុគន្ធកញ្ញា ក៏ទទួលបានការផ្ដោតអារម្មណ៍ខ្លាំងចំពោះការតុបតែងខ្លួនតាំងពីវគ្គ Live Show សប្ដាហ៍ទីមួយមកម៉្លេះ រហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រតែម្ដង។

នៅឆ្នាំនេះ ហ្វេនលាន់មាត់ថា ឱក សុគន្ធកញ្ញា សម្ញែងសម្រស់គ្មានឱ្យជាន់គ្នាមួយឈុតសោះឡើយ តើអ្នកណាជាអ្នកនៅពីក្រោយនៃភាពស្រស់ស្អាតរបស់អ្នកម៉ាក់កូនមួយនេះ?

ពេញមួយរ​ដូវកាលទី ៤ នេះ អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាជះសម្រស់តាមហ្វេសសិនទាំង ៨ ឈុតមិនជាន់គ្នា ដោយមានបត់បែនទៅតាមវិញ្ញាសាររបស់កម្មវិធីតម្រូវ រួមមានទាំងឈុតបែបរាត្រីសមោសរ ឈុតបែបសម័យយុគមាស ឈុតបុរាណ និងឈុតបែបប្លីងៗ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំង ដូចជារាជិនីមួយដួង កំពុងអង្គុយឱ្យ Comment បេក្ខជនអីចឹង។ តាមការអះអាងរបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់អ្នកនាងឱ្យដឹងថា គ្រប់ឈុតដែលជួយលើកសម្រស់អ្នកនាងនៅក្នុងមួយរយៈកាលចុងក្រោយនេះ គឺទទួលបានការរៀបចំពី Sophol Tailor and Fashion ។

បេសកម្មរបស់របស់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងការរកអាយដលថ្មីមួយដួងឱ្យមហាជនអ្នកគាំទ្រ ត្រូវបានបញ្ចេញតម្រុយថា ជាឆ្នាំចុងក្រោយរបស់អ្នកនាងហើយ លាឈប់ពីគណៈកម្មការ Cambodian Idol។ នៅពេលឱ្យ Comment បេក្ខជន អ្នកនាង ឱក សុគន្ធកញ្ញា លើកឡើងថា រដូវកាលទី ៤ នេះអាចនឹងជារដូវកាលចុងក្រោយសម្រាប់នាងដែលធ្វើជាគណៈកម្មការក្នុងកម្មវិធីដ៏អស្ចារ្យនេះ។ តែរៀបរាប់បែបនេះមែន ប៉ុន្តែក៏ពុំទាន់បញ្ជាក់ច្បាស់នៅឡើយថា ពិតឬយ៉ាងណា ហើយក៏ពុំបាននិយាយថា មានបញ្ហាអ្វីនៅពីក្រោយឡើយ។ តែហ្វេនគ្រប់គ្នាសង្ស័យថា អ្នកនាងកំពុងត្រៀមយកកូនទី ២បន្តទៀត ព្រោះដោយឃើញអ្នកនាងឡើងចុះនៅប្រទេសថៃ។

ដោយឡែក បើទោះបីជា អ្នកនាង ឱក សុគន្ធកញ្ញា មានកូនប្រុសមួយហើយក្ដី តែវិធីរក្សាសម្រស់របស់អ្នកនាង ពិតជាធ្វើនារីៗគ្រប់រូបងាកមកចាប់អារម្មណ៍យកចិត្តទុកដាក់លើរឿងថែខ្លួនប្រាណ ដោយមិនព្រលែងខ្លួនទាំងស្រុងដោយធ្លាក់សម្រស់ បើទោះជាមានប្ដីមានកូន។

ឱក សុគន្ធកញ្ញា បានឆក់យកការចាប់អារម្មណ៍ពីអ្នកគាំទ្រសឹងតែមួយផ្ទៃប្រទេស តាមរយៈរូបសម្រស់ជាគណៈកម្មការក្នុងរដូវកាលទី ៤នេះ ដែលមិនចាញ់បវរកញ្ញាសោះឡើយ៕

Share.