សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ឱ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវត្រួតពិនិត្យឡើងវិញលើការប្រកួតបវរកញ្ញា Miss Grand Cambodia 2022 ដែលមានការស្លៀកពាក់ស៊ិចស៊ីមិនសម និងជាពិសេសលើមតិរិះគន់ចំពោះឈុតមានការលើផ្លាកសញ្ញា បៀរ និងអាប៉ោងជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកបញ្ហានេះឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

នៅឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យលោកជំទាវ  ភឿង សកុណា ពិនិត្យឡើងនូវកម្មវិធីបវរកញ្ញា Miss Grand Cambodia ឡើងវិញ ចំពោះការរិះគន់ចំពោះឈុតតំណាង ក្រុងបាវិត និងក្រុងប៉ោយប៉ែត ដែលបានបង្ហាញពីល្បែងស៊ីសងចំៗ។ សម្តេចអគ្គមហាសេនាបតីតេជោ មានប្រសាសន៍បន្តថា មតិមហាជនបានសម្ដែងនូវការសោកស្ដាយ ហើយចំពោះបេក្ខភាពបវរកញ្ញាដែលទៅប្រកួតនោះ គ្មានកំហុសនោះទេ ព្រោះតម្រូវឱ្យសម្លៀកពាក់តាមស្ដង់ដាររបស់កម្មវិធី ប៉ុន្តែនោះគឺជាកំហុសអ្នករៀបចំកម្មវិធីទៅវិញទេ។

សូមជម្រាបថា នាពេលនេះ មហាជនកំពុងរងចាំមើលចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះកម្មវិធីប្រកួតបវរកញ្ញា Miss Grand Cambodia ថាតើនឹងមានការកែលម្អបែបណាខ្លះ?

Share.