បញ្ហាស្លៀកពាក់មិនសមរម្យចេញពីកម្មវិធី Miss Grand Cambodia នៅតែបន្តមានប្រតិកម្មផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយនៅក្នុងនោះក៏មានអ្នកផលិតកម្មវិធីល្បីៗ គឺលោក គួច ខេវិន ក៏បានចេញមុខរិះគន់ចំៗផងដែរ។ បញ្ហានេះបានធ្វើឱ្យអតីតតារាសម្ដែង ជីដូនកាកី ឬ ស្រីម៉ុច កើតក្ដីមិនសុខចិត្តដូចគ្នា។

នៅលើបណ្ដាញសង្គម អ្នកនាង ស្រីម៉ុច បានចេញមករំលឹករឿងអតីតកាលខ្លះៗ ក្រោយរងការប្រមាថពេញមួយផ្ទៃប្រទេស និងមានមតិប្រតិកម្មទាំងមិនអស់ចិត្ត ចង់ឱ្យក្រសួងមានចំណាត់ការចំពោះការស្លៀកពាក់សិចស៊ី។ អ្នកនាង ស្រីម៉ុច លើកឡើងថា ៖ «នឹកឃើញកាលនុះខ្ញុំដើរម៉ូត អោយ event ក្នុងកម្មវិធី private របស់ក្រុមហ៊ុនខ្ញុំសោះ ជេរខ្ញុំផ្អើលស្រុកផ្អើលទេស  អាស៊ូតែខ្ញុំទៅឈរនៅលើឆាកអន្តរជាតិ តំណាងជាតិ តំណាងប្រទេសអីមិនថាទេ។ ដើរតែក្នុងកម្មវិធីខ្លួនឯងសោះ។ បងប្អូនប្រជាជនជេរមធ្យម ងំក្រសួងហៅដួសក្អែល ឡូវមិចវិញអាវទ្រនាប់ខោស្លិបតែម្ដងចា ហើយសុទ្ធតែអ្នក ដំណាងអោយស្រុកអោយប្រទេស 😁😁 តែនិយាយទៅខ្ញុំគ្រាំទ្រ ព្រោះមិនមែនតែស្រុកគេទេដែលមានស្រីស្អាត ស្រុកយើងកមាន អោយពិភពលោកបានឃើញផង let’s go Cambodia »។

យ៉ាងណាមិញ គេនៅចាំបានថា តារាស្រី ជីដូនកាកី រងការរិះគន់ចំពោះការស្លៀកឈុត​​​​សិច​ស៊ី​ល្វែងខាងក្រោមមិន​ធម្មតា បែប​ប៊ី​គី​នី​ វាល​គល់​ភ្លៅ លេចក្រលៀន ស្ទើរ​តែ​លេចតំបន់​សំខាន់​ទៀតផង។ នៅពេលនោះនៅលើបណ្ដាញហ្វេសប៊ុក មានការរិះគន់យ៉ាងចាស់ដៃចំពោះអ្នកនាង ដោយអ្នកលេងបណ្ដាញសង្គមភាគច្រើនសម្ដែងការហួសចិត្តដែលនាងបំបាក់មុខសិល្បៈជាតិ ដោយគ្រងឈុតដូចស្លៀកខោទ្រនាប់ ហើយរាំរែកលើឆាកជាមួយតារាថៃ អ្នកនាង ខេតទ្រីយ៉ាអ៊ីលីស ដែលនោះគឺជាឈុតមើលទៅទាស់ភ្នែក ម្ដេចក៏អ្នកយកកេរ្តិ៍មកចោលកណ្ដាលវាល ក្នុងពេលដែលនាងគឺជាតំណាងតារាខ្មែរ ដែលរមែងអួតថាខ្លួនមានវប្បធម៌រុងរឿងថ្លៃថ្នូរ និងជាម្ចាស់វប្បធម៌របស់ជនជាតិថៃបែបនេះ។

ក្រោយមានប្រតិកម្មហើយអ្នកនាងស្រីម៉ុចក៏ចេញមុខបកស្រាយ ហើយទទួលបានការហៅណែនាំពីខាងក្រសួង ទើបរឿងនោះបានស្ងប់ទៅវិញ៕​

Share.