ភាពយន្តថ្មីស្នាដៃអ្នកដឹកនាំរបស់ Jimmy Henderson ដែលមានចំណងជើងថា KTV: Killing Time Violently រួមសម្ដែងដោយកំពូលតារាសម្តែងដ៏មានទេពកោសល្យផ្នែក គុនល្បុក្កតោលោក អ៊ួ តារា, កញ្ញា សម ថារ័ត្ន , លោក រស់ មុន្នី លោក តារា និងតារាសម្ដែងប្រុស្រីជាច្រើនដួងទៀត។

នេះគឺជាសមិទ្ធិផលភាពយន្តថ្មីមួយទៀតរបស់ Jimmy ក្រោយធ្លាប់បានបញ្ចេញស្នាដៃ ភាពយន្តបែបវាយតប់ដ៏ជោគជ័យរឿង «Jailbreak» កាលពីឆ្នាំ ២០១៧។ KTV: KILLING TIME VIOLENTLY គឺជាប្រភេទរឿង បែបវាយប្រហារ លាយនឹងឈុតឆាកកំប្លែង។ ភាពយន្តនេះគ្រោងចាប់ផ្ដើមថតនៅដើមខែកញ្ញាឆ្នាំ២០២២នេះ។ ភាពយន្ត KTV អាចនេះនឹងចាក់បញ្ចាំងនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ប្រសិនបើមិនមានអ្វីប្រែប្រួល រឿងនេះគ្រោងនឹងចាក់បញ្ចាំងនៅលើរោងភាពយន្តអន្តរជាតិថែមទៀតផង។

លោក Jimmy Henderson ផលិតករភាពយន្តនេះ បានលើកឡើងថា ភាពយន្តថ្មី KTV គ្រោងចំណាយទឹកប្រាក់ជាង ១៥ ម៉ឺនដុល្លារនៅក្នុងការផលិតភាពយន្ត ហើយត្រៀមថតត្រឹមរយៈពេលតែ ១ ខែប៉ុណ្ណោះ។ ក្រៅពីប្រមូលតារាក្បាច់គុនមកសម្ដែងភាពយន្តនេះ លោក Jimmy ក៏បានគៀងគរតារាកំប្លែង ពែកមី និង នាយ ក្រូច ហើយជាពិសេសគឺ DJ ស្ដី ដែលជារឿងដំបូងរបស់លោកវិលមកប្រឡូកនៅក្នុងវិស័យភាពយន្តផងដែរ។

យ៉ាងណាមិញ លោក អ៊ួ តារា តារាសម្ដែងគុនល្បុក្កតោ ក៏បានលើកឡើងថា សម្រាប់ខ្សែភាពយន្តមួយនេះ គឺតម្រូវឱ្យលើកមានគីឡូធាត់ជាងមុន ដើម្បីឱ្យត្រូវជាមួយនឹងតួអង្គនៅក្នុងរឿង។ លោកថា លោកត្រូវត្រៀមខ្លួនឡើងគីឡូខ្លួនឱ្យដល់ ៨៥ គីឡូ ហើយភាពយន្តនេះទៀតសោត ក៏បានបង្ហាញឱ្យឃើញថា តើមនុស្សដែលមានរូបរាងធាត់ មានវិធីការពារខ្លួនបែប?

សូមជម្រាបផងដែរថា ភាពយន្ត KTV: Killing Time Violently មានការសហការជាមួយក្រុមហ៊ុន M Pictures Cambodia ដែលកាន់តែជំរុញឱ្យភាពយន្តខ្មែរមួយ ងាយនឹងបោះជំហ៊ានទៅបញ្ចាំងនៅឯក្រៅស្រុកផងដែរ៕

Share.