នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២ នេះ លោក អ៊ិន សុភិន អគ្គនាយកក្រុមហ៊ុនមហាហង្ស និងជាអ្នកគ្រប់គ្រងរៀបចំកម្មប្រកួតបវរកញ្ញាឯកអស្ចារ្យ ឬ Miss Grand Cambodia 2022 នេះ ត្រូវបានកោះអញ្ចើញដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញានេះឡើងវិញ ក្រោមការត្រួតពិនិត្យ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា។

បន្ទាប់ពីពិនិត្យ និងប្រជុំណែនាំ ជារួមបានបង្ហាញលិទ្ធផលបានប្រកាសឱ្យដឹងថា ​៖ ស្ថាប័នពាក់ព័ន្ធ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន) បានធ្វើ ការណែនាំដល់អគ្គនាយកផលិតកម្មមហាហង្ស ឱ្យស្វែងយល់គ្រប់ជ្រុងជ្រោយបន្ថែមទៀតពី វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណតម្លៃនៃស្ត្រីខ្មែរ ហើយសហការឱ្យបានស៊ីជម្រៅជាមួយស្ថាប័នពាក់ព័ន្ធដើម្បីចៀសវាងនូវកំហុសឆ្គងដោយចេតនា ឬអចេតនាណា មួយដែលនាំទៅដល់ការប៉ះពាល់ និងធ្វើឲ្យអាប់ឱននូវវប្បធម៌ជាតិ និងគុណតម្លៃរបស់ស្ត្រីខ្មែរ។

តាមរយៈកិច្ចប្រជុំនោះដែរ ផលិតកម្មមហាហង្សក៏បានធ្វើការសូមអភ័យទោស ចំពោះសាធារណជន ទាំងអស់នូវកំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា ក្នុងដំណើរនៃកម្មវិធីប្រកួត កញ្ញាឯក Miss Grand Cambodia 2022 ។

យ៉ាងណាមិញ លោក អ៊ិន សុភិន បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា លោកមានចេតនាល្អក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកបានឃើញ ជាក់ស្ដែងដូចជាការបង្ហាញរូបភាពប្រាសាទអង្គវត្តនៅលើផ្ទាំង LED ធំៗនោះផងដែរ។ លោកថា «តាមពិតទៅ ខ្ញុំចង់ផ្សព្វផ្សាយអ្វីដែលល្អពីរបស់កម្ពុជា លើកម្មវិធីមួយនេះ ប៉ុន្តែអ្វីដែលខ្ញុំគិតបែបវិជ្ជមាននោះ បែរជាទទួលបានផលអវិជ្ជមានទៅវិញ។ ការដាក់ផ្ទាំងខាងក្រោយ មានរូបប្រាសាទអង្គរវត្ត គឺជាបំណងចង់លើកស្ទួយតម្លៃវប្បធម៌ខ្មែរ»។ នេះបើតាមការអះអាងរបស់លោក អ៊ិន សុភិន ប្រាប់អ្នកសារព័ត៌មានក្នុងស្រុក។

ខាងផលិតកម្មមហាហង្សបានសន្យាថា នៅឆ្នាំក្រោយនេះ កម្មវិធី Miss Grand Cambodia នឹងរៀបចំឱ្យល្អជាងនេះ ហើយសន្យាថា នឹងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនៅឆ្នាំក្រោយ ដើម្បីចៀសវាងនូវរាល់កំហុសឆ្គងនានាជា យថាហេតុដែលបានកើតឡើងដូចក្នុងឆ្នាំនេះ និងក្នុងស្មារតីបន្តរួមចំណែកលើកតម្លៃនូវកិត្យានុភាពជាតិ និងគុណតម្លៃស្ត្រីខ្មែរឱ្យបានខ្ពង់ខ្ពស់៕

Share.