កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមបឋមរបស់ក្រុមកីឡាករ ដែលនឹងត្រូវកោះហៅសម្រាប់ការធ្វើតេស្ដកាយសម្បទានៅថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ២០២២ ដើម្បីត្រៀមសម្រាប់ការប្រកួត​ “មិត្តភាពអន្តរជាតិ MinebearMitsumi” ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ខណ:កីឡាករ ជា ច័ន្ទដារ៉ា សមាជិករបស់ក្លិបបាល់ទាត់សូលទីឡូអង្គរ តែម្នាក់គត់ត្រូវបានជ្រើសរើសដោយលោក Keisuke Honda ហើយនេះជាលើកដំបូងរបស់គេចាប់តាំងពីឆ្នាំ ២០១៦ ដែលវិលត្រលប់ទៅកាន់ក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី។

គួរដឹងថា ជា ច័ន្ទដារ៉ា បានចូលរួមជាមួយក្រុមថ្នាលយុវជនភ្នំពេញក្រោន នៅចុងឆ្នាំ២០១៤ និងបានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ទៅចូលរួមការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ២០១៦នៅប្រទេសវៀតណាម ឬ AFF U19 Championship 2016។ ក្រោយវិលពីពានរង្វាន់អន្តរជាតិខាងលើ រូបគេត្រូវបានដំឡើងចូលក្រុមឈុតធំរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងរដូវកាល២០១៧។

ជារឿងគួរឲ្យស្ដាយ ចាប់តាំងពីឆ្នាំ ២០១៧ ជា ច័ន្ទដារ៉ា តែងតែជួបបញ្ហារបួសម្ដងហើយម្ដងទៀត ជាពិសេសទាក់ទងទៅនឹងជង្គង់ ACL។ សូម្បីតែរូបគេផ្ទាល់ក៏ហួសចិត្តនឹកស្មានមិនដល់ដូចគ្នា លុះក្រោយមករូបគេបានប្រកាសដកខ្លួនពីបាល់ទាត់កម្រិតអាជីពមួយរយៈ ដើម្បីទុកពេលថែរក្សាកាយសម្បទារបស់ខ្លួនឲ្យជា១០០ភាគរយឡើងវិញ បន្ទាប់ពីមានបញ្ហារបួសជង្គង់ច្រើនលើកច្រើនសា។

ក្រោយចែកផ្លូវគ្នាជាមួយភ្នំពេញក្រោននៅឆ្នាំ២០២០ ច្រើនខែមកកីឡាករដែលមានដើមកំណើតនៅខេត្តបាត់ដំបងរូបនេះ បានចូលរួមជាមួយក្រុមសូហ្វីយ៉ាប៉ៃលិន ក្នុងនាមជាគ្រូបង្ហាត់យុវជនផង និងឆ្លៀតហ្វឹកហាត់រក្សាកម្លាំងខ្លួនឯងផង។

ជា ច័ន្ទដារ៉ា បានចូលរួមជាមួយសូលទីឡូអង្គរ ក្នុងជើងទី២ រដូវកាល២០២១។ កន្លងមក គេបានរងរបួសច្រើនលើកច្រើនសា ហើយក៏ធ្លាប់ត្រូវបានលោក គង់ សាវង្ស ប្រធានក្លិបបាត់ដំបងអេហ្វស៊ី និងជាវេជ្ជបណ្ឌិតឆ្អឹង ជួយព្យាបាលដោយឥតគិតថ្លៃផងដែរ៕

Share.