យោងតាមការចុះផ្សាយរបស់ Main Stand – International បានឲ្យដឹងថានៅរដូវកាលថ្មីនេះកិ្លបបាល់ទាត់ Buriram United ម្ចាស់ជើងឯកលីគកំពូលថៃ Thai League ៧សម័យកាល បានប្រកាសថាគេទទួលបានចំណូលច្រើនជាង ១១លានបាត (៣០ម៉ឺនដុល្លារ) ពីការលក់សំបុត្រ, ទំនិញ និងអាវ ក្នុងជំនួបស្មើ ២-២ BG Pathum United កាលពីយប់ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០២២។

ដូច្នេះក្លិប Buriram United ចង់ប្រើប្រាស់លុយប្រមាណ ៩លានបាត (ជាង ២៦ម៉ឺនដុល្លារ) ដើម្បីទិញកីឡាករបាល់ទាត់ល្អៗមួយចំនួននៅក្នុងតំបន់អាស៊ាន។ មិន​ថា​ជា​ខ្សែ​ការពារ​ស្លាប​វៀតណាម Đoàn Văn Hậu ​ដែលកំពុង​ប្រកបអាជីព​នៅ​ប្រទេសហូឡង់ ឬ​ខ្សែ​បម្រើ​ជើង​ចាស់​ឥណ្ឌូណេស៊ី Evan Dimas។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករដែលក្លិប Buriram United របស់ថៃគួរទិញ៖
1. Doan Van Hau (វៀតណាម)
ខ្សែការពារស្លាបឆ្វេងរបស់ក្លិប Hanoi FC កីឡាករ Doan Van Hau គឺជាយុវជនដែលមានសមត្ថភាពបច្ចេកទេស ព្រមទាំងល្បឿនលឿន បច្ចុប្បន្នមានវ័យ២៣ឆ្នាំរូបនេះ បានផ្ទេរទៅក្លិប SC Heerenveen នៅលីគកំពូលហូឡង់ ក្នុងលក្ខខណ្ឌខ្ចីជើង។

2. Evan Dimas (ឥណ្ឌូនេស៊ី)
នៅពេលយើងគិតពីកីឡាករដែលមានកម្ពស់ទាប ប៉ុន្តែលេងអស់ពីចិត្តរាល់ពេលបង្ហាញខ្លួនលើទីលាន គឺយើងនឹកឃើញ Evan Dimas ខ្សែបម្រើឥណ្ឌូនេស៊ីកម្ពស់ ១.៦៥ម៉ែត្រ។ បច្ចុប្បន្ន Evan Dimas បង្ហាញខ្លួនបាន៤៣លើក និងស៊ុតបញ្ចូលទី៩គ្រាប់ឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។

3. Harris Harun (សិង្ហបុរី)
ប្រសិនបើចង់បានបទពិសោធន៍, ប្រធានក្រុមជម្រើសជាតិសិង្ហបុរី កីឡាករ Hariss Harun នឹងផ្តល់ឱ្យនូវរឿងជាច្រើនរាប់មិនអស់។ ខ្សែបម្រើការពាររូបនេះបង្ហាញខ្លួននៅក្រុមជម្រើសជាតិសិង្ហបុរី តាំងពីឆ្នាំ ២០០៧ រហូតដល់បច្ចុប្បន្នចំនួន ១១១លើក និងស៊ុតបាន១១គ្រាប់។ ទន្ទឹមនឹងនេះដែរ Hariss Harun បានជួយក្រុម Johor Darul Ta’zim ឈ្នះលីគកំពូលម៉ាឡេស៊ីចំនួន៦លើក និងក្រុម Lion City Sailors Hariss ១លើក។

4. Liridon Krasniqi (ម៉ាឡេស៊ី)
ក្លិប Buriram United មិនចាំបាច់សម្លឹងទៅឆ្ងាយដើម្បីស្វែងរក Liridon Krasniqi នោះទេ។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិកូសូវ៉ូ វ័យ​៣០​ឆ្នាំ​រូប​នេះ​ទើប​ចូល​រួម​ជាមួយ​ក្លិប​ Khon Kaen United ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល។

5. Nanda Kyaw (មីយ៉ាន់ម៉ា)
ក្លិប Buriram United បច្ចុប្បន្នមានកីឡាករ Aung Thu មួយរូបហើយ ហេតុអ្វីមិនបន្ថែមកីឡាករមីយ៉ាន់ម៉ាម្នាក់ទៀតទៅ? កីឡាករ Nanda Kyaw សមាជិកក្រុម Shan United កំពុងបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ ដោយបានស៊ុតបញ្ចូលទី៥គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ៩លើកប៉ុណ្ណោះ។

6. Mike Ott (ហ្វីលីពីន)
ប្រសិនបើចង់បានកីឡាករពូកែរត់ Mike Ott គឺជាបុគ្គលដែលត្រូវហៅ ដោយខ្សែបម្រើប្រយុទ្ធជនជាតិហ្វីលីពីនដើមកំណើតអាល្លឺម៉ង់រូបនេះលេងបានស្ទើរតែគ្រប់ទីតាំងនៅលើទីលាន។ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៥លើក សម្រាប់ក្រុម TSV 1860 Munchen U-19។ Mike Ott បង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិហ្វីលីពីនក្នុងឆ្នាំ ២០១៦ មុនពេលចុះហត្ថលេខាជាមួយ Ceres Negros (បច្ចុប្បន្នឈ្មោះ United City) និងបានជួយក្រុមឱ្យឈ្នះលីគកំពូលហ្វីលីពីន៣លើក។ ឥលូវនេះ Mike Ott មានវ័យ២៧ឆ្នាំអាចជាកីឡាករលេងបានច្រើនទីតាំង ប្រើដើម្បីបំពេញចន្លោះនៅក្នុងក្រុមរបស់ Buriram United។

7. ចាន់ វឌ្ឍនាកា (កម្ពុជា)
ល្បឿន, ថាមពល, ភាពជាក់លាក់ គឺជាពាក្យ៣ម៉ាត់ពិពណ៌នាបានល្អបំផុតសម្រាប់ ចាន់ វឌ្ឍនាកា (Gareth Bale កម្ពុជា)។ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមជម្រើសជាតិកាលពីជិត១០ឆ្នាំមុន ចាន់ វឌ្ឍនាកា បង្ហាញខ្លួនបាន៤៩លើក ស៊ុតបញ្ចូលទីបាន១៩គ្រាប់។ ក្លិប Buriram United មានខ្សែបម្រើស្លាបជើងស្តាំដ៏ច្រើនសន្ធឹកសន្ធាប់ ហើយ ចាន់ វឌ្ឍនាកា អាចជាប្រភេទកីឡាករបង្កើតភាពខុសគ្នាជាមួយនឹងជើងឆ្វេងដ៏ទន់ភ្លន់របស់គេ។

8. Faiq Bolkiah (ប្រ៊ុយណេ)
កីឡាករ​ជម្រើសជាតិ​ប្រ៊ុយណេ Faiq Bolkiah ចាប់ផ្តើម​រដូវ​កាលដំបូង​របស់គេ​ក្នុង​លីគ​កំពូលថៃ ជាមួយ​ក្រុម Chonburi FC។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បាន​ធំ​ឡើង​លេង​នៅ​សាលាបាល់ទាត់ក្នុង​ប្រទេស​អង់គ្លេស​គឺ Chelsea និង Leicester City មុន​ពេល​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមព័រទុយហ្គាល់ Maritimo។ Faiq Bolkiah គឺជាប្រភេទកីឡាករដែលមានទេពកោសល្យ និងបច្ចេកទេសខាងផ្តួលខ្សែការពារ១ទល់នឹង១។

9. Soukaphone Vongchiengkham (ឡាវ)
ប្រសិនបើ Chanathip Songkrasin ជា Messi របស់ថៃ នោះ Soukaphone Vongchiengkham គឺជា Messi របស់ឡាវ។ ខ្សែប្រយុទ្ធស្លាបកម្ពស់ត្រឹមតែ១.៥៦ម៉ែត្រ បច្ចុប្បន្នមានវ័យ៣០ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យបាល់ទាត់ថៃអស់រយៈពេលជាង១០ឆ្នាំ មកហើយជាមួយក្លិបចំនួន១៣ផ្សេងៗគ្នា៕

Share.