ក្រោយពីជួបបញ្ហារឿងបែកបាក់ស្នេហា និងមានបញ្ហារឿងជំពាក់បំណុលវ័ណ្ឌក ពេលនេះតារាសម្តែងនិងកំប្លែងភេទទីបី ផេនខេក កំពុងតែជួបបញ្ហាធ្ងន់ធ្ងន់ពាក់ព័ន្ធនឹងសុខភាព ក្រោយពីធ្វើការវះកាត់កែភេទបានសម្រេច។

តារាដ៏មានប្រជាប្រិយភាពរូបនេះបានពន្លយពាក្យមួយចំនួននៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន និងផ្ដាំឲ្យមហាជនក៏ដូចជាបងប្អូនភេទទីបីទាំងអស់ នៅពេលដែលសម្រេចចិត្ដកែភេទរួចហើយ សូមកុំភ្លេចពិនិត្យសុខភាពឲ្យបានត្រឹមត្រូវផង កុំឲ្យមានបញ្ហាដូចរូបនាងនាពេលនេះ។

ផេនខេក បានរៀបរាប់យ៉ាងក្ដុកក្ដួល និងគួរឱ្យបារម្ភថា ៖ «សូមផ្ដាំទៅបងប្អូនភេទទីបីទាំងអស់គ្នាអ្នកដែលគាត់កែភេទចាប់ពី 5 ទៅ 6 ឆ្នាំ សូមកុំភ្លេចទៅឆែកសុខភាពផង👌។ កុំឱ្យដូចខ្ញុំ ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង🥺។ (សូមពាក្យជូនពរនឹងកំលាំងចិត្តម្នាក់មួយមើលបងប្អូន)💪😔🙏»។ ក្នុងនោះដែរ ក៏មានការបញ្ជាក់ពីស្ថានភាពសុខភាពរបស់ ផេនខេក នាពេលនេះថា៖ «ចំពោះសុខភាពរបស់គាត់ គឺប្រដាប់ភេទដែលធ្លាប់ធ្វើនោះខុសប្រក្រតី វាជិត ឈឺ ហើយនោមមិនកើត។ ពេលនេះគាត់កំពុងតែសម្រាកព្យាបាលនៅហាតយ៉ៃ»។

ពីឈ្មោះពិតលោក វ៉ាន់ សំណាង ក្លាយមកជាកញ្ញា ផេនខេក បានសម្រេចចិត្តកែកុនប្រដាប់ភេទរបស់ខ្លួនឱ្យដូចជាមនុស្សស្រីពិតៗមុនពេលរៀបអាពាហ៍ពាពិហ៍ជាមួយលោក ឈិន វិឆៃ ដោយនាងគិតថា នាងអាចសាងគ្រួសារមួយយ៉ាងកក់ក្ដៅក្នុងនាមជាប្ដីប្រពន្ធ បើទោះបីជាមិនអាចមានកូនបានក៏ដោយ។ ប៉ុន្តែស្នេហារបស់ ផេនខេក បានដើរដល់ផ្លូវប្រេះឆា និងជួបទុក្ខផ្ទួនៗគ្នាទៀតផង រហូតធ្វើឱ្យនាងធ្លាប់គិតប៉ុនប៉ងបញ្ចប់របស់ជីវិតខ្លួនឯង។

យ៉ាងក៏ដោយ ផេនខេក នៅតែរឹងមាំមកជានិច្ច ហើយអ្នកគាំទ្រទាំងអស់តែងតែផ្ដល់កម្លាំងចិត្តឱ្យនាងរហូត។ ជាក់ស្ដែងដូចជាពេលនេះ អ្នកគាំទ្របានបួងសួងឱ្យ ផេនខេក ឆាប់ជាសះស្បើយពីជំងឺ និងឆាប់វិលត្រឡប់មកលេងកំប្លែងវិញ៕

Share.