ភ្នំពេញ៖បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញបុរសជនជាតិបរទេសម្នាក់ បើករថយន្តតាកូម៉ា ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-2060 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះមកដល់ចំណុចមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញពោធិ៍(ចិនតុង) ក៏រេចង្កូតទៅខាងស្ដាំដៃ ឡើងលើខឿនចិញ្ចើមផ្លូវ ហោះទៅបុកដើមឈើមួយដើម បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ និងផ្ទុះពោងសុវត្ថិភាពចំនួន 2។ ឯដើមឈើ រយះសំបក តែមិនរលំទេ។

ជាសំណាងល្អក្នុងករណីនេះ មិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ក្រោយពីបើករថយន្ដហោះបុកដើមឈើ រួចមកបុរសជាអ្នកបើកបរបានបើកទ្វារថយន្ត ចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តរងការខូចខាតកៀបជាប់ដើមឈើ នៅកន្លែងកើតហេតុ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022។ នៅចំណុចមុខច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្ទូចរថយន្តបង្ក យកទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.