ភ្នំពេញ៖បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស RX 330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-1772 ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាសុីម ក្នុងទិសដៅពីកើតមកលិច ។លុះមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ ជាមួយរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខភ្នំពេញ 2AK-3372 ធ្វើដំណើរក្នុងទិសបញ្ច្រាសគ្នា បណ្ដាលឱ្យរថយន្តទាំង 2 គ្រឿងរងការខូចខាត ផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ។តែជាសំណាងល្អក្នុងករណីនេះមិនបង្កមានអ្នករបួសនោះទេ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 03:30 នាទីទៀបភ្លឺឈានចូលថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2022នេះ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្ដទាំង 2គ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.