ភ្នំពេញ ៖ បុរសម្នាក់ ខណៈដែលជ្រមុជទឹកចុះបារកំប្លោកក្នុងស្រះ ជាអកុសលជាប់ជើងងើបមិនរួចលង់ស្លាប់បាត់មួយយប់ ព្រឹកឡើងទើបរកសពឃើញ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្រះទឹក ក្នុងបរិវេណអង្គភាពស្ថាបនាផ្លូវថ្នល់ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ សន ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះ ២នាក់ឪពុកបង្កើតឈ្មោះ ពេជ្រ ប៊ុនថន អាយុ៥៩ឆ្នាំ មុខរបរ កម្មករ ត្រូវបានអង្គភាពស្ថាបនាស្ពានថ្នល់ ជួលឲ្យទៅបារកំប្លោកស្តារស្រះ ។

ប្រភពបន្តទៀតថា ២នាក់ឪពុកកូនបារកំប្លោកដោយប្រើឧបករណ៍ សំណាញ់អួន ទាក់អូសទាញ ខណៈដែលដាក់សំណាញ់អួនហើយ ជនរងគ្រោះជាកូន បានចុះជ្រមុជទឹកដើម្បីទាក់ដែក ហើយក៏ងើបមកវិញ។ លុះជនរងគ្រោះជ្រមុជទឹកជាលើកទី២ ស្រាប់តែបាត់មិនងើបឡើងវិញ សង្ស័យឪពុករបស់ជនរងគ្រោះចុះជ្រមុជទឹកតាមរក តែមិនឃើញ រហូតដល់យប់ទៅហើយនៅមិនឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ច នាំគ្នាចុះរាវផង អូសអួនផង នៅតែមិនឃើញ លុះដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបអូសអួនជាប់សពជនរងគ្រោះ ហើយស្រង់ឡើងគោក ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ គ្រូពេទ្យទៅចុះពិនិត្យ កោសក្យវិច័យ ឃើញថាពិតជាស្លាប់ដោយលង់ទឹកដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.