ព្រះមហាក្សត្រីយ៍ Elizabeth ទី២ នៃចក្រភពអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា ក្រោយសោយរាជ្យអស់រយៈពេល៧០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Sky News និង BBC របស់អង់គ្លេសចេញផ្សាយនៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ខណ:ព្រះអង្គម្ចាស់ Charles ដែលជាព្រះរាជបុត្រច្បង នឹងឡើងសោយរាជ្យបន្ត។

ខណ:ក្រុមដែលជាសមាជិកនៅលីគកំពូលអង់គ្លេស English Premier League បានប្រកាសកាន់ទុក្ខ ជាពិសេសក្នុងជំនួបរវាង Arsenal ឈ្នះ FC Zurich ២-១ និង Man United ចាញ់ Real Sociedad ១-០ ពានរង្វាន់ UEFA Europa League ដោយឈរស្ងៀមស្ងាត់ចំនួន១នាទី ដើម្បីឧទ្ទិសទៅកាន់ ព្រះមហាក្សត្រីយ៍ Elizabeth ទី២។

ព្រះមហាក្សត្រិយានី Elizabeth ទី២ ទ្រង់ប្រសូតនៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ១៩២៦ ក្នុងទីក្រុង ឡុងដ៍។ ព្រះនាងបានឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ហើយបានធ្វើការផ្លាស់ប្ដូសង្គមដ៏ធំសម្បើម។ រហូតដល់ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ព្រះមហាក្សត្រិយានី បានសោយទីវង្គត នាពេលរសៀល (ម៉ោងនៅអង់គ្លេស)។

ទន្ទឹមនោះមានការគោះជួងព្រះវិហារ និង ការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និង ថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំពិធីគោរពវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី។

ខណៈពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ព្រះមហាក្សត្រិយានី នឹងធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ខាងមុខនេះ។ ព្រះមហាក្សត្រិយ៍ Elizabeth ទី២ ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ដែលគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក។

ព្រះមហាក្សត្រិយានី Elizabeth ទី២ ទ្រង់ជាព្រះមហាក្សត្រិយានី ព្រះប្រមុខរដ្ឋ នៃប្រទេសជាច្រើនដូចជា៖អង់គ្លេស, ស្កុតឡែន, អៀរឡង់ខាងជើង,វេលស៍, កាណាដា, អូស្ត្រាលី,នូវែលសេឡង់,ចាម៉ៃកា និងប្រទេសជាច្រើនផ្សេងៗទៀត៕

Share.