មហាក្សត្រិយានី Elizabeth ទី២ គឺជាព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស ទ្រង់បានសោយទីវង្គតនៅព្រះរាជដំណាក់ Balmoral ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា បន្ទាប់ពីសោយរាជ្យអស់រយៈពេល ៧០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃ សុក្រ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០២២។

ព្រះមហាក្សត្រិយានី Elizabeth ទី២ ទ្រង់ប្រសូតនៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ១៩២៦ ក្នុងទីក្រុង ឡុងដ៍។ ព្រះនាងបានឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ហើយបានធ្វើការផ្លាស់ប្ដូសង្គមដ៏ធំសម្បើម។ រហូតដល់ថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២២ ព្រះមហាក្សត្រិយានី បានសោយទីវង្គត នាពេលរសៀល (ម៉ោងនៅអង់គ្លេស)។

ទង់សហភាព នឹងត្រូវបង្ហូតពាក់កណ្ដាលដងនៅលើព្រះរាជដំណាក់ អគាររដ្ឋាភិបាល ទូទាំងបន្ទាយកងកម្លាំង និង នៅលើប៉ុស្ដិ៍ចក្រភពអង់គ្លេសនៅក្រៅប្រទេស។

ទន្ទឹមនោះមានការគោះជួងព្រះវិហារ និង ការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និង ថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំពិធីគោរពវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី។ ខណៈពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ព្រះមហាក្សត្រិយានី នឹងធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ខាងមុខនេះ។

សូមជម្រាបថា ព្រះអង់ម្ចាស់ Charles ទី៣ ដែលជាព្រះបុត្រាច្បងរបស់ព្រះនាងដែលមានព្រះជន្ម ៧៣ព្រះវស្សា គឺជាអ្នកឡើងស្នងរាជ្យបន្ដពីព្រះមាតា ហើយបានក្លាយជាព្រះមហាក្សត្រ Charles ទី៣។

ព្រះអង្គម្ចាស់បានមានបន្ទួលថា ការសោយទីវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់ គឺជា ទុក្ខសោកដ៏ធំធេង សម្រាប់ទ្រង់ និង ព្រះរាជវង្ស ដោយមានព្រះបន្ទួលទៀតថា នេះគឺជាការបាត់បង់មិនអាចកាត់ថ្លៃបាននៅជុំវិញពិភពលោក៕

ប្រភព៖ BBC

Share.