ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ក្លាយជាជនសង្ស័យក្រោយពីប្រព្រឹត្តល្មើស ដើរធ្វើសកម្មភាពលួចកាច់ យកម៉ូទ័របូមទឹកតាមផ្ទះប្រជាពលរដ្ឋ បានសម្រេច២គ្រឿងហើយ បន្តទៅបម្រុងកាច់មួយគ្រឿងទៀត គាប់ជួនពលរដ្ឋឃើញទាន់ ស្រែកផ្អើលនាំគ្នាដេញចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវបុរីឈូកវ៉ា២ ស្ថិតក្នុងភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យក្នុងករណីខាងលើមានឈ្មោះ យ៉េ បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ប្រកបរបររត់ម៉ូតូកង់បី មានប្រពន្ធនិងកូន៣នាក់ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចដកហូតបានម៉ូទ័របូមទឹកចំនួន ២គ្រឿងរបស់ជនរងគ្រោះ ម៉ូតូកង់បី១គ្រឿង ពណ៌ស បិតស្កុតលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 1JQ-9813 ជាមធ្យោបាយរបស់ជនសង្ស័យ បើកដើរធ្វើសកម្មភាព ។

តាមសន្តិសុខយាមក្នុងបុរីបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបើកម៉ូតូកង់បីទៅធ្វើសកម្មភាពលួចកាច់យក ម៉ូទ័របូមទឹកនៅមុខផ្ទះលេខ ១៥២និង១៥៣ ផ្លូវបេតុងលេខ៣៦ បានចំនួន២គ្រឿងហើយ មិនអស់ចិត្ត បន្តទៅរកកាច់យកមួយគ្រឿងទៀត ទើបពលរដ្ឋឃើញទាន់ ស្រែកផ្អើលអ្នកជិតខាង រួមជាមួយសន្តិសុខ ដេញតាមចាប់ខ្លួនបាន នៅផ្លូវលេខ៣៧ រួចប្រគល់ឲ្យសមត្ថកិច្ច ។

តាមចម្លើយសារភាព ជនសង្ស័យធ្លាប់ដើរធ្វើសកម្មភាព លួចកាច់ម៉ូទ័របូមទឹក នៅម្តុំផ្សារអុីអន២ ក្នុងខណ្ឌសែនសុខ និងក្នុងខណ្ឌពោធិ៍សែនជ័យ ទើបតែនៅព្រឹកនេះ ចូលទៅលួចនៅក្នុងបុរីឈូកវ៉ា២ ប្រជាពលរដ្ឋទាន់ចាប់ខ្លួនបានតែម្តង ព្រោះរត់ម៉ូតូកង់បីអត់មានម៉ូយដឹក ។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍សំរោងក្រោម ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ រួមជាមួយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងផងដែរ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.