ភ្នំពេញ ៖ រថយន្តព្រុសមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ ជ្រុលបុករះបង្គោលស្លាកសញ្ញាចរាចរ បន្តទៅបុកម៉ូតូ ផ្លោងខ្ទាតទៅចូលរថយន្តកុងតឺន័រ ក្នុងដំណើរស្របទិសគ្នាទាំងអស់ បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសស្រាល។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ២០១១ ចំណុចភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តព្រុសពណ៌ក្រហមក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BR-0822 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រេចង្កូតទៅបុក រះបង្គោលស្លាកសញ្ញាចរាចរ បន្តទៅបុកពីក្រោយម៉ូតូស្កុបពី ពណ៌ស ជិះដោយបុរសស្ត្រី២នាក់ រុញផ្លោងចូលទៅក្នុងរថយន្តកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-3447 បណ្តាលឲ្យកិនកល់ជាប់ពីក្រោម ដែលបើកស្របទិសគ្នាទាំងអស់ បណ្តាលឲ្យរងរបួសស្រាលមនុស្សប្រុសស្រី២នាក់ ដាច់ស្លាកលេខម៉ូតូស្កុបពីបាត់ រងខូចខាតដំណំ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តសុំធ្វើការសម្របសម្រួល ជាមួយភាគីរងគ្រោះ ដោយចេញសងថ្លៃ រាល់ការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.