បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទឹកអូរព្រំដែនកម្ពុជា ថៃហក់ឡើងខ្លាំង បណ្តាលឲ្យលិចស្ពានច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ហើយបើនៅបន្តលិចខ្លាំង ច្រកនឹងអាចបិទណ្តោះអាសន្ន។

លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃបានប្រាប់ថា៖ នៅច្រកទ្វារព្រំដែនម៉ាឡៃជំនន់ទឹកភ្លៀងបានជន់លិចលើស្ពានដែលកម្រិតឡើងខ្ពស់ជាង១ម៉ែត្របណ្តាលទឹកហូរកាត់ពីលើស្ពានជិតកន្លះម៉ែត្រដែលទឹកហូរខ្លាំងដែលជាការព្រួយបារម្ភនៅពេលប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងរថយន្តដឹកទំនិញឆ្លងកាត់ទៅមកតាមច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ។

លោកបានបញ្ជាក់ថា៖ ទឹកជំនន់លិចស្ពានច្រកទ្វារព្រំដែនម៉ាឡៃមានរយៈពេល២លើកមកហើយលើកទី១លិចនៅដើមខែសីហា ឆ្នាំ២០២២ និងលិចលើកទី២នៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះដែលទឹកជំនន់បានហូរកាត់ស្ពានច្រកទ្វារព្រំដែនម៉ាឡៃ ឃើញមានកងកម្លាំងទាំងបី ឈរចាំធ្វើចរាចរណ៍នៅលើស្ពានច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បើទឹកហក់ឡើងខ្លាំង សមត្ថកិច្ចផ្ទាកមិនឲ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។

លោក ស សំណាង បានបញ្ជាក់ថា៖ បើសិនជាទឹកជំនន់ទឹកភ្លៀងនៅតែបន្តជន់លិចខ្លាំងអាចប្រឈមនិងការបិទច្រកមិនឲ្យ ឆ្លងកាត់តែជំនន់ទឹកភ្លៀងមានរយៈពេល៣ទៅ៤ថ្ងៃអាចស្រកទឹកអស់ពីលើស្ពានច្រកទ្វារអូរព្រំដែនអាចដំណើរការទៅមកស្រួលនៅពេលនេះស្ថានភាពអូរព្រំដែនដូចជាបន្តហក់ឡើងព្រោះស្ថានភាពជំនន់ទឹកភ្លៀងដែលហូរធ្លាក់ពីប្រទេសថៃហូរធ្លាក់ចូលអូរព្រំដែនបណ្តាលឲ្យលិចច្រក និងផ្ទះសំបែងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរមួយចំនួនផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.