ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន រេចង្កូតទៅខាងស្ដាំបុកទ្វាររបងដែកផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្តរងការខូចខាត និងខ្លួនឯងរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែកញ្ញា  ឆ្នាំ ២០២២ ចំនុចមន្ទីពេទ្យសម្រាកព្យាបាលមួយកន្លែងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុគេបានឃើញ  រថយន្តស៊េរីចាស់ម៉ាក តូយ៉ូតា កូរ៉ូឡា មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញបើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទីដោយពីកើតទៅលិច។

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿនដូចហោះ ថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅខាងស្ដាំ បុកបង្គោលស្លាកសញ្ញារបស់មន្ទីពេទ្យបាក់អស់ចំនួន១ ដេីម រថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុករបងទ្វារដែកផ្ទះប្រជាពលរដ្ឋបាក់អស់ចំនួន២ ទៅ៣ ផ្ទាំងបន្ថែមទៀត បណ្តាលអោយរថយន្តរងការខូចខាតចំផ្នែកខាងមុខខ្ទេចស្ទើរតែទាំងស្រុង និងបង្កអោយបុរសជាអ្នកបេីករថយន្ត ងរងរបួសស្រាលផងដែរ។

បន្ទាប់ពីកេីតហេតុម្ចាស់ផ្ទះនិងតំណាងរបស់មន្ទីពេទ្យបានចេញមកខាងក្រៅ ហេីយបាននិយាយជាមួយភាគីម្ចាស់រថយន្តដើម្បីទាមទារសងសំណងថ្លៃខូចខាតសម្ភារៈមានដូចជា៖ បង្គោលស្លាកសញ្ញារបស់មន្ទីរពេទ្យ និងរបងទ្វារដែក។ ពេលនោះភាគីទាំងសងខាងបានសម្របសម្រួលត្រូវរូវគ្នាអស់ហេីយ មួយសន្ទុះក្រោយបុរសជាម្ចាស់រថយន្តបានដេីរគេចខ្លួនចេញទៅបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនិងកន្លែងកេីតហេតុ។

ក្រោយពេលកើតហេតុក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង និងបានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមជំនាញនីតិវិធីច្បនៅពេលក្រោយបន្តទៀតផងដែរ ៕

អត្ថបទ៖លី សុភ័ស្ត

Share.