ភ្នំពេញ ៖ មនុស្ស៣នាក់ប្តីប្រពន្ធនិងកូនតូច រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្តធុនធំអូសសណ្តោងរុឺម៉ក បើកបុកពីក្រោយម៉ូតូហុងដាឌ្រីម រុញផ្ទប់ទៅនឹងខឿនទ្រូងផ្លូវ កល់ជាប់ម៉ូតូពីក្រោម កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-3092 អូសសណ្តោងរុឺម៉ក បើកល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត។លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកពីក្រោយម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ កំពង់ធំ1E-7741 ដែលជិះដោយជនរងគ្រោះ ៣នាក់ ប្តីប្រពន្ធនិងកូនតូច ហើយរុញផ្ទប់ទៅនឹងខឿនទ្រូងផ្លូវ ម៉ូតូកល់ជាប់ពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់ ម៉ូតូរងខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែកមធ្យោបាយទាំង២គ្រឿង គឺរថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.