បាត់ដំបង÷ ទឹកនៅអូរតំបន់ព្រំដែននៅថ្ងៃបានស្រកចុះបន្តិចវិញហើយ នៅឡើយតែលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតាមបណ្តោយអូរមួយចំនួនតូចក្នុងភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ប៉ុណ្ណោះដែលមិនទាន់ស្រក។

តាមប្រជាពលរដ្ឋនៅតំបន់ព្រំដែនបានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២នេះថា ទឹកភ្លៀងបានបន្តធ្លាក់ទាំងយប់ ទាំងថ្ងៃយ៉ាងគំហុក នៅតាមបណ្តោយតំបន់ព្រំដែនប៉ែកខាងលិច ខេត្តបាត់ដំបង ចាប់តាំងពីថ្ងៃទី ០៧ មកបានធ្វើឲ្យមានទឹកជំនន់ក្នុងអូរព្រំដែនបានឡើងជោរនន់យ៉ាងខ្លាំង ហើយបានយាយ៉ីតំបន់ទំនាបមួយចំនួនក្នុងភូមិសាស្ត្រស្រុកកំរៀង។

ជំនន់ដែលហក់ឡើងលឿនដោយសារទឹកភ្លៀងខាងលើនេះ បានប៉ះពាល់ទៅដល់កំណាត់ផ្លូវក្នុងភូមិខ្លះៗ ដំណាំចម្ការ រួមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនតូចទៀត ពិសេសនៅយប់ថ្ងៃទី ០៧ និងយប់ថ្ងៃទី ០៨ ខែកញ្ញា។

លោក សុខ ដែន អភិបាលកំរៀង បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៩ នេះក្នុងភូមិសាស្ត្រស្រុកកំរៀង ជំនន់ទឹកភ្លៀងបានស្រកចុះបន្តិចវិញហើយ ដោយឡែកស្ថានភាពជំនន់ក្នុងអូរលំផាត់ទឹកក៏បានស្រកចុះនៅក្រោមស្ពានបន្តិចវិញដែរ នៅឡើយតែតំបន់តាមប្របអូរមួយចំនួនតូចប៉ុណ្ណោះដែលមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅត្រឹមតែ ៤-៥ គ្រួសារប៉ុណ្ណោះឋិតក្នុងភូមិលំផាត់ ឃុំអូរដា ព្រោះភូមិសាស្ត្រនេះជាតំបន់ទំនាបតែងតែលិចស្ទើរផងរាល់ឆ្នាំ។

លោក អភិបាលបន្តទៀតថា ក្រោយពីស្ថានភាពទឹកភ្លៀងបានស្រកចុះបន្តិចវិញនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយលើផលដំណាំ ផ្លូវថ្នល់ ស្ពាន និងផ្ទះរបស់ប្រជាពលរដ្ឋ៕

អត្ថងបទ៖​ ដំបងក្រញូង

Share.