ខ្សែប្រយុទ្ធវ័យក្មេងក្លិបព្រៃវែងអេហ្វស៊ី ផាន សុផេន ត្រូវបានកោះហៅចូលធ្វើតេស្ដក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាលើកដំបូង ដើម្បីយកឱកាសឆ្ពោះទៅបញ្ជីចុងក្រោយត្រៀមប្រកួតមិត្តភាពអន្តរជាតិតទល់បង់ក្លាដែស ថ្ងៃទី២២ ខែកញ្ញា ខាងមុខ។

កីឡាករវ័យក្មេងរូបនេះអះអាងមិននឹកស្មានអាចមានឱកាសចូលក្នុងបញ្ជីត្រៀមជម្រើសជាតិបែបនេះទេ ព្រោះទើបប្រឡូកបាល់ទាត់លក្ខណៈអាជីពបានជាង១ឆ្នាំប៉ុណ្ណោះ។ ដោយឡែក គេគិតថា ការទទួលបានឱកាសដ៏ល្អនេះដោយសារតែបានមកពីការខិតខំប្រឹងប្រែង និងភាពលេចធ្លោក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត កាលនៅបន្ទាយមានជ័យផង កាលឆ្នាំ២០២១។

កាលណោះគេជា Top Scorer ក្នុងក្រុម ហើយក៏ត្រូវបានព្រៃវែងអេហ្វស៊ីនាំចូលរួមក្រុមក្នុងជើងទី២ ក្របខណ្ឌកំពូលកម្ពុជា រដូវកាលមុន។ផាន សុផេន ថ្លែងបែបនេះ “៖ខ្ញុំអត់បានគិតថាមានថ្ងៃហ្នឹងទេ ព្រោះខ្ញុំទើបតែប្រឡូកក្នុងវិស័យហ្នឹង។ ក្នុងការត្រៀមខ្លួនរបស់ខ្ញុំ មានតែបន្តការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតបង។

ខ្ញុំគិតថា ភាពលេចធ្លោក្នុងពានសម្ដេចកាលឆ្នាំមុន ការខិតខំប្រឹងប្រែង ការតស៊ូអត់ធ្មត់ ជាការរួមចំណែកមួយដ៏ធំសម្រាប់ខ្ញុំទើបធ្វើឱ្យមានថ្ងៃហ្នឹង។”ផាន សុផេន ផ្ដើមការហ្វឹកហាត់បាល់ទាត់ក្នុងក្រុមយុវជន Victory Poipet កាលជិត១០ឆ្នាំមុន ដោយបានចូលរួមការប្រកួតពានរង្វាន់ស្ម័គ្រចិត្តផ្សេងៗ។ ក្នុងរដូវកាល២០២២នៃក្របខណ្ឌ League 2 គេ រកបាន៩គ្រាប់ហើយសម្រាប់ព្រៃវែងអេហ្វស៊ី៕

Share.