យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិងកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងដល់ការយកមេដាយសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ចំនួន ៦នាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅអាមេរិក។

ក្រៅពីកីឡាករ-កីឡាករការិនីដែលហ្វឹកហាត់នៅអាមេរិក ក៏មានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់នៅកម្ពុជាចំនួន ៥នាក់ ផ្សេងទៀតផងដែរ សម្រាប់ការចូលរួមស៊ីហ្គេមឆ្នាំក្រោយនោះ។ បើតាមលោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា បានប្រាប់មកកាន់ Cambodia 2023 ថាសហព័ន្ធបាន និងកំពុងឲ្យកីឡាករប្រឹងប្រែងយ៉ាងខ្លាំង ពោលមិនផ្ដោតលើតែការហ្វឹកហាត់មួយមុខទេ គឺមានការរៀបចំឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនដែរ ដែលក្នុងទិសដៅ គឺ ហ្វឹកហាត់៥០% រៀបចំការប្រកួត៥០%។

គ្រូបង្វឹកខាងលើបានរៀបរាប់យ៉ាងដូច្នេះថា៖«យើងមានកីឡាករសរុបចំនួន ១១នាក់ ដោយកីឡាករ ៦នាក់ និងកីឡាការិនី ៥នាក់ ហើយក្នុងនោះ យើងមានអ្នកនៅអាមេរិកនោះគឺកីឡាករ ៣នាក់ និងកីឡាកីឡាការិនី ៣នាក់។ យើងប្រឹងប្រែងណាស់រាល់ថ្ងៃនេះ ដើម្បីសម្រេចឲ្យបាន តាមគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់ថា ត្រូវយកឲ្យបានមេដាយមាស ១គ្រឿង យ៉ាងតិចនោះ។ កីឡាករយើងធ្វើយ៉ាងណាឲ្យមានការប្រកួតឲ្យបានច្រើន គឺហ្វឹកហាត់៥០ ប្រកួត៥០%»។

«ឆ្លងកាត់ការប្រកួតជាច្រើនលើកកន្លងមកយើងសង្កេតឃើញថា ឆ្នាំនេះកម្រិតសមត្ថភាពកីឡាករកម្ពុជាយើង ហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែយើងដឹងថា កម្រិតនេះ មិនទាន់គ្រប់គ្រាន់ឡើយ ទើបយើងបាននិងកំពុងប្រឹងប្រែងបន្ថែមទៀត ដើម្បីជាការពង្រឹងដល់គុណផលកីឡារបស់យើង»។ នេះជាការបន្ថែមរបស់លោក៕

រូបភាព៖ Cambodia 2023

Share.