រហូតមកទល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃទី ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ជាថ្ងៃកាន់បិណ្ឌទី ២ គេសម្គាល់ឃើញថា នៅមិនទាន់ឃើញមានតារាសិល្បៈបង្ហាញពីសកម្មភាពទៅវត្តអារាមកាន់បិណ្ឌ ឬបង្ហាញពីហ្វេសសិនក្នុងការស្លៀកពាក់បែបប្រពៃណីខ្មែរនារដូវភ្ជុំបិណ្ឌនេះនៅឡើយទេ។

ទេសកាលពិធីបុណ្យភ្ជុំបិណ្ឌបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំមានរយៈកាល២សប្តាហ៍​ដែល​ប្រជាជនកម្ពុជា​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វការី​ជន​តាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ គេអាចនិយាយបែបថា ពិធី​បែប​សាសនា​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ​បង្អស់នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក៏មានពិធីពិធីបោះបាយបិណ្ឌ ឬសែនដូនតា ដែលជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅហើយក្ដី។

ដោយឡែកនៅក្នុងឆ្នាំនេះ រៀងស្ងប់ស្ងាត់បន្តិចខុសពីឆ្នាំសព្វដង គេនៅមិនទាន់ឃើញតារាសិល្បៈនាំគ្នាបង្ហាញពីសកម្មភាពទៅវត្តអារាមកាន់បិណ្ឌ។ នោះគេអាចនិយាយបានថា ដោយសារតែវិបត្តិនៃជំងឺកូវីដ ១៩ ទើបធ្វើឱ្យពិធីបុណ្យភ្ជុំបិណ្ឌមិនមានភាពអ៊ូអរដូចឆ្នាំកន្លងៗ។

យ៉ាងណាមិញរូបភាពដែលបានបង្ហាញខាងក្រោមនេះ គឺជាការសម្ដែងឡើងដោយកញ្ញា រឿន ណាត បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ និងកញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាលឆ្នាំ២០១៩ ដែលបានគ្រងឈុតបែបបុរាណបង្ហាញអំពីសកម្មភាពក្នុងពិធីបោះបាយបិណ្ឌ និងសែនដូនតា៖

នៅក្នុងផ្នត់គំនិតប្រជាជនខ្មែរនៃជំនឿបោះបាយបិណ្ឌ ត្រូវបានគេរៀបចំជា បាយពំនូតដំតូចៗ ដែលមានច្របាច់ បាយដំណើប ចេក ល្ង និងផ្កា ធ្វើបែបនេះគឺដើម្បីងាយស្រួលឱ្យប្រេតអាចលូកចាប់បានដោយដៃ។

ក្រៅពីពិធីកាន់បិណ្ឌ និងបោះបាយបិណ្ឌហើយនោះ ខ្មែរយើងក៏មានប្រពៃណីមួយទៀត នោះគឺ វេចអន្សម ឬនំសន្សំ។ តាមសៀវភៅទំនៀមទំលាប់ប្រពៃណីខ្មែរ អន្សម ជានំតំណាងភោគផល បរិបូណ៌ ដែលពលរដ្ឋ បានធ្វើការងារស្រែចំការ សន្សំទុកនូវភោគផលនេះ សម្រាប់ដោះស្រាយការរស់នៅ មិនឱ្យមានការខើចអត្តខាត់ ក្នុងគ្រួសារនិមួយៗ ជាពិសេស នៅរដូវរាំងស្ងួត ឬនៅពេល ស្រុកទេសមាន សង្គ្រាមទុរភិក្សអន្តរាយ។

ឈុតធីតាអន្សមនេះ គឺបង្ហាញជូនដោយកញ្ញា ម៉ៃយ៉ា តារាបង្ហាញម៉ូដក្នុងចេតនារម្លឹកមហាជនអ្នកលេងបណ្ដាញសង្គមអំពីប្រពៃណីវេចអន្សមរបស់ខ្មែរយើង និងជាការរួមចំណែករក្សាពីទំនៀមទំលាប់នេះឱ្យបានគង់វង្ស។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នឹងប្រព្រឹត្តិឡើងនៅថ្ងៃ ២៤-២៥-២៦ ខែកញ្ញា ដោយចាប់ផ្ដើមកាន់បិណ្ឌ ១ពីថ្ងៃអាទិត្យទី ១១ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃទី ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦៕

Share.