បន្ទាយមានជ័យ៖ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅវាលស្រែ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១បន្ទាយមានជ័យ ហើយលោកវរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង បានដឹកនាំកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យប្រមាណជិត៥០នាក់មានកណ្តៀវគ្រប់ដៃបានចុះជួយច្រកស្រូវជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ប្រមាណជិត២ហិកតា។


លោកបានបញ្ជាក់ថា កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីការងារអង្គភាព និងការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិ គឺជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ និងប្រមូលផលស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ និងជួយអន្តរាគមន៍នៅពេលដែលមានអគ្គីភ័យកើតឡើងបានសហការជាមួយកម្លាំងជំនាញជួយអន្លត់និងអ្នករងគ្រោះលង់ទឹកដែលបាត់ខ្លួនបានជួយរុករក។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ថា៖ នៅឆ្នាំ២០២២នេះកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តបានជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលរស់នៅតាមបន្ទាត់ព្រំដែនបានទាន់ពេល និងជួយប្រមូលផលស្រូវប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជន់លិចស្រូវត្រូវបានជួយច្រូតកាត់ និងប្រមូលផលស្រូវនៅក្រុងសិរីសោភ័ណ និងពេលនេះបានជួយច្រូតស្រូវប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅវាលឃុំអូរប្រាសាទ ស្រុកមង្គលបូរី។


ក្នុងប្រជាពលរដ្ឋជាម្ចាស់ស្រែសូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលបានដឹកនាំកម្លាំងចុះជួយច្រូតស្រូវ និងប្រមូលស្រូវដែលរងគ្រោះដោយទឹកជំនន់ដែលបានជនលិច៕

អត្ថបទ៖​ ប៉ោយប៉ែត

Share.