នាយកដ្ឋានឧតុនិយមថៃ បានព្រមានពីភ្លៀងធ្លាក់ពីកាន់តែខ្លាំងឡើងៗ បណ្ដាលឲ្យមានទឹកជំនន់ភ្លាមៗ ពេញ ១សប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែ កញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយព័ត៌មាន The Pattaya News នាថ្ងៃ ច័ន្ទ ទី ១២ ខែ កញ្ញា ឆ្នាំ ២០២២។

ជាទូទៅខ្យល់ម៉ូសុងនិរតីកម្រិតមធ្យម នឹងបោកបក់លើសមុទ្រ Andaman ភាគខាងត្បូង និង ឈូងសមុទ្រថៃក្នុងអំឡុងថ្ងៃទី ១១ និង ថ្ងៃទី១៣ ខែ កញ្ញានេះ។ អាស្រ័យហេតុនេះនឹងមានភ្លៀងធ្លាក់ពីមួយកម្រិត ទៅមួយកម្រិត នៅដើមសប្ដាហ៍នេះ ខណៈតំបន់ភាគខាងជើង ឥសាន្ដ កណ្ដាល អាគ្នេយ៍ រួមទាំងទីក្រុងបាងកក និង តំបន់ជុំវិញ បានប្រកាសថាអាចនឹងមានទឹកជំនន់ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខាងមុខនេះ។

ទន្ទឹមនោះ នាយកដ្ឋានធារាសាស្រ្តបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយទឹកជំនន់នៅក្នុងខេត្ត Pathum Thani ជាប់ទីក្រុង បាងកក ដោយបង្ហូរទឹកចេញពីប្រឡាយ Rangsit Prayoonsak ចូលទៅក្នុងទន្លេ Chao Phraya និងតាមបណ្ដាញប្រឡាយចូលទៅក្នុងទន្លេ Bang Pakong ភាគខាងកើត ហើយចុងក្រោយគឺខេត្ត Chacchoengsao ចូលទៅក្នុងឈូងសមុទ្រថៃ។

សូមជម្រាបថា តំបន់ជាច្រើននៅក្នុងខេត្ត Pathum Thani ជាពិសេស Rangsit ត្រូវបានទឹកជន់លិចចាប់តាំងពីថ្ងៃទី ៧ ខែ កញ្ញាមក។ កម្រិតទឹងក្នុងប្រឡាយ Rangsit Prayoonsak នៅតែខ្ពស់ដែលជាហេតុធ្វើឲ្យពិបាកក្នុងការបង្ហូរទឹកចូលទៅក្នុងនោះ៕

ប្រភព៖ The pattaya news & Vietnam Plus

Share.