បវកញ្ញាចក្រវាលតំណាងឱ្យកម្ពុជា កញ្ញា ហង្ស ម៉ានីតា នៅពេលនេះកំពុងតែស្ថិតនៅប្រទេសហ្វីលីពីន ដើម្បីហាត់ដំណើរត្រៀមខ្លួនទៅឆាកប្រកួតអន្តរជាតិ និងអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមួយចំនួនថែមទៀត។ នៅពេលទៅដល់ប្រទេសហ្វីលីពីនភ្លាម គេឃើញបវកញ្ញាចក្រវាលតំណាងឱ្យកម្ពុជារូបនេះ ទទួលបានការស្វាគមន៍ និងស្រឡាញ់គាំទ្រកញ្ញាយ៉ាងកក់ក្ដៅ ពីសំណាក់ហ្វេននៅទីនោះ។ កញ្ញា ហង្ស ម៉ានីតា បានលេចមុខឡើងតាមរយៈបទសម្ភាសន៍ និងហ្វេសប៊ុកផេកអ្នកគាំទ្រវិស័យបវរកញ្ញាល្បីៗជាច្រើន។

នៅពេលអ្នកគាំទ្របានឃើញសកម្មភាពរបស់កញ្ញា ហង្ស ម៉ានីតា បែបនេះ គេរឹតតែសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងឆ្នាំនេះបេក្ខភាពបវកញ្ញាចក្រវាលតំណាងឱ្យកម្ពុជាដែលជាគ្រាប់ពេជ្រដ៏ចែងចាំងមួយរូបនេះ នឹងបើកមុខនាំកម្ពុជាចូល Top កំពូលណាមួយជាក់ជាមិនខាន។ គ្រប់គ្នាហាក់បង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងក្រៃលែង ទន្ទឹមជាមួយមោទកភាពដែលកញ្ញា ហង្ស ម៉ានីតា បង្ហាញឱ្យអ្នកគាំទ្របានឃើញពីអាវុធដ៏ពេញសមត្ថភាពរបស់កញ្ញាក្នុងការត្រៀមទៅដណ្ដើមមកុដ។

កាន់តែរំភើបជាងនេះទៅទៀត ក្រៅពីអ្នកគាំទ្រជាហ្វេនក្នុងប្រទេសហ្វីលីពីនមានចំនួនច្រើនកុះករហើយនោះ សូម្បីតែថ្នាក់ដឹកនាំក្រុង Cebu ក៏បានចេញទទួលស្វាគមន៍បវរកញ្ញា ហង្ស ម៉ានីតា ដោយផ្ទាល់ ហើយថែមទាំងបានជួបសំណេះសំណាល និងជូននូវបាច់ផ្កាដ៏ស្រស់ស្អាតជូនកញ្ញាថែមទៀតផង។ មិនតែប៉ុណ្ណោះកញ្ញា ហង្ស ម៉ានីតា ក៏បានបន្តចុះទស្សនៈកិច្ចតាមបណ្ដាសាលារៀនក្នុងប្រទេសហ្វីលីពីន រហូតដល់មានអ្នកគាំទ្រតាមហែរហមកញ្ញាមិនឈប់ឡើយ។

គួរដឹងដែរថា ក្រៅពីមានអ្នកគាំទ្រនៅក្នុងប្រទេសហ្វីលីពីនជាច្រើននាក់ហើយនោះ សូម្បីតែនៅប្រទេសថៃក៏មានអ្នកគាំទ្រចំពោះវិស័យបវរកញ្ញា ជាពិសេសកម្មវិធីបវកញ្ញាចក្រវាល Miss Univer ចាប់អារម្មណ៍ចំពោះកញ្ញា ហង្ស ម៉ានីតា ខ្លាំងណាស់ រហូតដល់អ្នកវិភាគពីកញ្ញាច្រើននៅលើបណ្ដាញសង្គម។

ចំពោះបវកញ្ញាចក្រវាលតំណាងឱ្យកម្ពុជា កញ្ញា ហង្ស ម៉ានីតា គេអាចនិយាយបានថា ជាបវរកញ្ញាដំបូងគេហើយ ដែលមានអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក ស្រឡាញ់ពេញចិត្តពេញថ្លើមច្រើនកម្រិតនេះ។ ទាំងអស់នេះ ជាកត្តាហុចផលល្អសម្រាប់កញ្ញា ហង្ស ម៉ានីតា ក្នុងការទាញសំឡេងបោះឆ្នោតគាំទ្រនៅថ្ងៃប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ៕

Share.