លោក ប៊ុត សីហា ដែលជាតារាចម្រៀងនិងជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី១ បានចេញមុខសាជាថ្មី ក្នុងការអំពាវនាវសុំឱកាសកែប្រែខ្លួន និងទទូចឱ្យមានការគាំទ្រឡើងវិញពីសំណាក់មហាជន។ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះ បានបាត់មុខយ៉ាងយូរ ដោយសារតែមានរឿងអាស្រូវពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន និងអត្តចរិតធ្វើការងារបែបមិនទទួលខុសត្រូវ។

ថ្មីៗនេះមានលេចដំណឹងថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា ព្រមបើកភ្លើងខៀវឡើងវិញម្ដងទៀត ជាការផ្តល់ឱកាសលើកទីពីរដល់ ប៊ុត សីហា ដើម្បីកែខ្លួនជាមនុស្សល្អ និងមានទំនួលខុសត្រូវចំពោះការងារ ទាំងតារាចម្រៀងប្រុសរូបនេះធ្លាប់បោកគ្រាប់បែកផលិតកម្មម្ដងរួចមកហើយ។

ក្នុងនោះដែរ មានការលើកឡើងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាតាំងដំណើរការណ៍បើកផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាដំបូងមកម្លេះ លោក យឹម តាស្រង់ ដែលជាអតីតអ្នកគ្រប់គ្រងធ្លាប់បានទាក់ទងតារាចម្រៀងពីរនាក់មកនិយាយអំពីការងារជាមួយផលិតកម្ម នៅក្នុងនោះរួមមានកញ្ញា តន់ ច័ន្ទសីម៉ា និងលោក ប៊ុត សីហា។ ក៏ប៉ុន្តែលោក ប៊ុត សីហា បានលេបសម្ដី ពោល គឺមិនគោរពពេលវេលាដែលបានព្រមព្រៀង ទើបជាហេតុឱ្យក្រុមហ៊ុនក៏សម្រេចមិនចចារជាមួយលោកវិញ និងវាយតម្លៃចំពោះអត្តចរិតធ្វើការងាររបស់លោក។

ជាមួយគ្នានោះដែរ ក្រោយមានដំណឹងនេះបានផ្សព្វផ្សាយយ៉ាងសុះសាយនៅលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ គេស្រាប់តែឃើញបុរសម្នាក់ទំនងជាមិត្តរបស់លោក ប៊ុត សីហា បានចេញមុខមកទម្លាយពីអត្តចរិតកែមិនឡើងរបស់លោក ដោយចោទជាសំនួរថា «អ្នកណាថា ប៊ុត សីហា កែខ្លួន ចេញមុខមក?» រហូតធ្វើឱ្យផ្អើលពេញបណ្ដាញសង្គម TikTok។ ក្នុងវីដេអូនេះដែរ បុរសរូបនេះបានលើកយកករណីមួយមកវែកញែក ដោយលើកឡើងថា នៅពេលលោក រស់ សេរីសុភា ជាអតីតបេក្ខជនប្រឡងចម្រៀងរួមកម្មវិធីជាមួយលោក ប៊ុត សីហា ធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវវះកាត់ជាបន្ទាន់ លោកបានទាក់ទងទៅ ប៊ុត សីហា ដើម្បីព្រមព្រៀងគ្នាមកជួយលើកទឹកចិត្តលោក រស់ សេរីសុភា នៅមន្ទីរពេទ្យ។ ស្រាប់តែដល់ថ្ងៃដល់វេលា ប៊ុត សីហា បែរជាមិនមក និងមិនមើលទូរស័ព្ទ ថែមទាំងឱ្យមនុស្សស្រីជាគូស្នេហ៍លើកនិយាយជំនួសទៅវិញ។

ករណីនេះធ្វើឱ្យបុរសម្នាក់នោះខឹងខ្លាំងណាស់ និងចេញមកទម្លាយពីអត្តចរិត ប៊ុត សីហា ដោយអះអាងក្ដែងៗថា គ្មានកែប្រែអីសូម្បីបន្តិច។ វីដេអូនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើ TikTok ស្របពេលដែលមហាជនជាច្រើន កំពុងតែងាកមកចាប់អារម្មណ៍ចំពោះការទទូចសុំសំឡេងគាំទ្រពីលោក ប៊ុត សីហា។ ក៏ប៉ុន្តែគ្រប់គ្នាកំពុងរងចាំមើលថា តើលោក ប៊ុត សីហា ពិតជាក្រែប្រែមែនឬយ៉ាងណា? ហើយលោកមានអ្វីបកស្រាយបន្ថែមសម្រាប់ករណីនេះដែរឬទេ?

សព្វថ្ងៃនេះ ប៊ុត សីហា ទទួលបានកែជ្រោមជ្រែងឡើងវិញ ពីសំណាក់អ្នករៀបចំបទចម្រៀង និងអ្នកឧបត្ថមចំពោះការផលិតបទចម្រៀងរបស់លោក។ ជាក់ស្ដែងដូចជា លោកស្រី ទ្រី ដាណា ជាដើម។ យ៉ាងណាមិញ គេចាំមើលថា ថ្ងៃខាងមុខនេះ សីហា អាចឈានជើងចូលផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាដែរឬទេ?

សូមចូលមើលវីដេអូទាំងស្រុងនេះ៖

@vimean899

♬ original sound – Vimean899
Share.