បាត់ដំបង÷ កំណាត់ផ្លូវភូមិមួយកន្លែងត្រង់ទំនប់អន្លង់សណ្តាន់ ក្នុងស្រុកបវេល ត្រូវទឹកហូរចុកផ្តាច់ មន្ត្រីជំនាញចុះសម្រួលផ្លូវឲ្យពលរដ្ឋធ្វើដំណើរឡើងវិញភ្លាមៗ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ជំនន់ទឹកភ្លៀងបានហូរចាក់មកពីផ្នែកខាងលើស្ទឹងបវេល កាលពីយប់ថ្ងៃទី ១១ ខែកញ្ញា កន្លងមកបានបុកដាច់នូវទំនប់ពង្វៀងទឹកមួយកន្លែងត្រង់ចំណុចការដ្ឋានសាងសង់របស់ក្រសួងធនធានទឹក និងឧតុនិយមដែលកំពុងដំណើរការ ក្នុងភូមិសាស្ត្រទំនប់អន្លង់សណ្តាន់ ភូមិម៉ាក្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានបន្ថែមថា ក្រោយការដាច់ទំនប់ពង្វៀងទឹកនេះ នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ដែលចូលរួមជាមួយអាជ្ញាធរឃុំព្រៃខ្ពស់ និងពីប្រជាពលរដ្ឋមួយចំនួនទៀតបានចុះរៀបចំដាក់លូ និងចាក់ដីបំពេញតភ្ជាប់កំណាត់ផ្លូវលើខ្នងទំនប់ខាងលើរួចដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដូចធម្មតាឡើងវិញមិនឲ្យមានការរាំងស្ទះឡើយ។

បន្ទាប់ពីទឹកភ្លៀងបានបន្តស្រោចស្រពក្នុងក្របខ័ណ្ឌស្ទើទូទាំងខេត្តបាត់ដំបង ពិសេសតំបន់ព្រំដែន បង្កឲ្យបរិមាណទឹកភ្លៀងបានហូរចុះចាក់ចូលតំបន់ទំនាប បឹងបួរ និងស្ទឹងបវេលយ៉ាងច្រើន ហើយទឹកបានហូរចុះទៅផ្នែកមួយចំនួនរបស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដែលកម្ពស់ទឹកហក់កើនឡើងយ៉ាងខ្ពស់។

ប្រជាពលរដ្ឋដែលប្រកបការធ្វើស្រែតាមប្របដងអូរនៅផ្នែកខាងក្រោមក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានលើកឡើងថា ជំនន់ទឹកភ្លៀងឆ្នាំនេះបានធ្វើឲ្យស្រែរបស់ពួកគាត់លិចលង់ស្ទើតែស្រុង ដែលអ្នកខ្លះចុះប្រមូលផបាន លឿនផុតពីការជនលិច ចំណែកកសិករខ្លះទៀតចុះច្រូតមិនទាន់ត្រូវទឹកលិចដោយបង្ខំចិត្តចុះច្រូតស្រូវក្នុងទឹកក៏មាន៕

អត្ថបទ៖ដំបងក្រញូង

Share.