ក្រោយបានកាន់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ នៅក្នុងដៃ ម្ចាស់ពាន លីម ​តិច​ម៉េង ទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនគ្រប់ទិសទី។ ប្រជាប្រិយភាពរបស់លោកបានធ្វើឱ្យបណ្ដាក្រុមហ៊ុន និងអ្នករៀបចំកម្មវិធីមួយចំនួនសម្លឹងឃើញ ហើយចង់អញ្ជើញលោកឱ្យទៅច្រៀងដល់ទីកន្លែង ដើម្បីកៀរគរហ្វេនឱ្យមកចូលរួមទស្សនា។

រហូតមកទល់ពេលនេះ លីម ​តិច​ម៉េង​ បានដើរចេញសម្ដែងច្រៀងជាច្រើនកន្លែង ហើយគេឃើញមានអ្នកគាំទ្ររបស់លោក ដេញតាមលើកកម្លាំងចិត្តទៅគ្រប់កម្មវិធីដែលមានវត្តមានរបស់លោកបានទៅសម្ដែងផ្ទាល់។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងពីតម្លៃខ្លួនរបស់តារាចម្រៀងពន្លកថ្មីៗនេះនៅឡើយទេ ក៏ប៉ុន្តែគេបានដឹងថា តារាងការងាររបស់លោកនៅពេលនេះកំពុងតែណែនពេញ សឹងតែថាសាមីរកតែពេលវេលាសម្រាកមិនបានផង។

លីម ​តិច​ម៉េង គឺផ្ដើមចេញពីការច្រៀងនៅហាងរាត្រីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ លោកថាហាងនោះហើយដែលជាផ្ទះទី២របស់លោក និងបានផ្ដល់បទពិសោធន៍ឱ្យលោកអស់រយៈពេល ៤ឆ្នាំមកហើយ បន្ទាប់ពីលោកបានចាកចេញពីស្រុកកំណើតខ្លួនមកបន្តការសិក្សា និងរស់នៅភ្នំពេញអស់រយៈពេល ៨ឆ្នាំ។

ក្រៅពីបង្ហាញភាពជោគជ័យដូចសព្វនេះហើយ លីម ​តិច​ម៉េង​ ក៏កំពុងតែត្រៀមចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ដោយលោកធ្លាប់បានបង្ហោះរូបភាពជាមួយលោក Tho Meet ដែលជាអ្នកនិពន្ធបទភ្លេងល្បីឱ្យប្រចាំផលិតកម្ម និងធ្លាប់មានស្នាដៃបង្កើតបទល្បីៗជាច្រើនបទឱ្យកញ្ញា តន់ ចន្ទសីម៉ា ផងដែរ។

Share.