ប្រភពរដ្ឋាភិបាលមួយបាននិយាយថា ប្រទេសរុស្ស៊ី មីយ៉ាន់ម៉ា និង បេឡារុស មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រះរាជពិធីបុព្យសពរបស់ព្រះមហាក្សត្រិយានីអេលីហ្សាបេតទី២ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ ច័ន្ទ សប្ដាហ៍ក្រោយនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃ ពុធ ទី ១៤ ខែ កញ្ញា ឆ្នាំ ២០២២។

ចក្រភពអង់គ្លេសរួមជាមួយក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានព្យាយាមធ្វើឲ្យប្រទេស រុស្ស៊ី និង បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុង ម៉ូស្គូ ស្ថិតនៅឯកោលើឆាកអន្តរជាតិ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង ចំណាត់ការជាច្រើនទៀតដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ចំណែកមីយ៉ាន់ម៉ា និង រដ្ឋាភិបាលយោធាវិញ គឺ ស្ថិតក្រោមទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ខណៈទីក្រុង ឡុងដ៍ ប្រឹងប្រែងបង្កើនការគាំទ្រសម្រាប់សហគមន៍ជនជាតិភាគតិចរ៉ូហ៉ីងយ៉ានៅក្នុងប្រទេសអាស៊ានមួយនេះ។

ព្រះរាជពិធីបុណ្យ នៃព្រះសពរបស់ព្រះមហាក្សត្រិយានី អេលីហ្សាបេតទី២ នឹងប្រព្រឹត្តទៅនៅព្រះវិហារ Westminster Abbey នៅសប្ដាហ៍ក្រោយនេះ ហើយត្រូវបានកំណត់ថា ជាព្រឹត្តិការណ៍ការទូតដ៏ធំមួយ ដែលបង្កបញ្ហាប្រឈមផ្នែកសន្តិសុខ និង ពិធីការសម្រាប់អ្នករៀបចំនៅវិមាន Buckingham និង នៅក្នុងរដ្ឋាភិបាលអង់គ្លេស។

មេដឹកនាំពិភពលោក មានចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តី កាណាដា អូស្រ្តាលី និង នូវែលសេឡង់ សុទ្ធតែបានប្រកាសរួចរាល់ហើយថា ពួកគេនឹងចូលរួមក្នុងព្រឹត្តិការណ៍នោះ។

សូមជម្រាបថា ឥស្សរជនបរទេសសរុបប្រហែល ៥០០នាក់ ត្រូវបានគេរំពឹងថា នឹងមកចូលរួមព្រះរាជពិធីបុណ្យសពម្ចាស់ក្សត្រីយ៍​ អេលីហ្សាបេតទី២ នៅទីក្រុង ឡុងដ៍ ដោយលិខិតអញ្ជើញផ្លូវការត្រូវបានផ្ញើទៅកាន់ប្រមុខរដ្ឋនៃប្រទេសជាច្រើន ដែលមានទំនាក់ទំនងការទូតជាមួយចក្រភពអង់គ្លេស៕

ប្រភព៖ Reuters

Share.