ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំចុងក្រោយ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះហើយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ឈ្នួលទាបបំផុតសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ព័ត៌មាននេះមានន័យថាកម្មករនិយោជិក នឹងអាចស្ពាយដំណឹងឡើងប្រាក់ខែសម្រាប់ការធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះហើយ។

ថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់កិច្ចប្រជុំដែលអូសបន្លាយជាច្រើនម៉ោងនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ភាគីនិយោជកឬថៅកែរោងចក្រ បានដាក់ប្រាក់ឈ្នួលឆ្នាំ២០២៣ចំនួន១៩៧ដុល្លារអាមេរិក ខណៈភាគីរាជរដ្ឋាភិបាលដាក់១៩៨ដុល្លារអាមេរិក និងភាគីសហជីពដាក់តួលេខ៣ផ្សេងគ្នា។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលមានភាគីចរចាចំនួន៣​ ហៅថាការចរចាត្រីភាគី។

បើតាមឯកឧត្តម ហេង សួរ តំណាងភាគីកម្មករនិយោជិតបានលើកតួលេខ៣ផ្សេងគ្នា រួមមានតួលេខ២០៦ដុល្លារ មានសំឡេងគាំទ្រ៨សំឡេង តួលេខ២១០ដុល្លារមានសំឡេងគាំទ្រចំនួន៣សំឡេង និងតួលេខ២១៣ដុល្លារមានសំឡេងគាំទ្រចំនួន៦សំឡេង។ សម្រាប់តំណាងភាគីនិយោជកបានឯកភាពយកតួលេខ១៩៧ដុល្លារដោយសំឡេងឯកច្ឆន្ទ និងតំណាងភាគីរាជរដ្ឋាភិបាលបានកំណត់តួលេខ១៩៨ដុល្លារនោះ គឺដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ។

សូមបញ្ជាក់ថាទោះបីជួបបញ្ហាប្រឈមដោយសារវិបត្តិកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ជាបន្តបន្ទាប់ដោយឆ្នាំ២០២១ បានតម្លើងដល់ចំនួន១៩២ដុល្លារ និងឆ្នាំ២០២២បានកើនឡើងដល់ចំនួន១៩៤ដុល្លារអាមេរិកក្នុង១ខែ ដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់ឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងអ្នកបាត់បង់ការងារក្នុងអំឡុងពេលកូវីដ-១៩៕

Share.